(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃចន្ទនេះ បានថ្កោលទោសការវាយប្រហារ ទៅលើមន្ត្រីអាស៊ាន ដែលផ្តល់ជំនួយមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបអំពាវនាវឲ្យបញ្ចប់អំពើហិង្សានៅក្នុងប្រទេស ដែលហែកហួរដោយជម្លោះមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

លោក វីដូដូ មិនបានផ្តល់ព័ត៌មានលម្អិតអំពីឧបទ្ទវហេតុនៃការវាយប្រហារទេ ដោយគ្រាន់តែនិយាយថាទង្វើនេះ មិនរារាំងដល់កិច្ចប្រឹងប្រែងរបស់ឥណ្ឌូណេស៉ី និងអាស៊ានដើម្បីជំរុញសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា «សូមបញ្ឈប់ការប្រើកម្លាំង បញ្ឈប់អំពើហិង្សា ព្រោះវានឹងធ្វើឲ្យអ្នកក្លាយជាជនរងគ្រោះ។ លក្ខខណ្ឌនេះនឹងមិនធ្វើឲ្យ នរណាម្នាក់ឈ្នះទេ»។ លោក វីដូដូ បានបន្ថែមថា ឥណ្ឌូណេស៉ីលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យមានការសន្ទនា និងស្វែងរកដំណោះស្រាយ។

គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារ ដែលលោកប្រធានាធិបតីឥណ្ឌូណេស៉ី បានលើកឡើងនោះទេ។ ចំណែកអ្នកនាំពាក្យនៃរបបយោធា និងក្រុមកងកម្លាំងការពារប្រជាជន (PDF) មិនបានឆ្លើយតបចំពោះ សំណើរសុំការអត្ថាធិប្បាយនោះទេ ខណៈក្រុមរដ្ឋាភិបាលស្រមោល NUG ដែលចងសម្ព័ន្ធភាពជាមួយកងកម្លាំង PDF បាននិយាយថា ខ្លួនពុំបានដឹងអំពីការវាយប្រហារណាមួយឡើយ៕