(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) បានជួបក្រុមសមាជិកសភាកូរ៉េខាងត្បូង និងមេដឹកនាំធុរកិច្ចនៅក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានសក្តានុពល នាចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា លោក គីស៉ិដា ក៏ដូចជាមេដឹកនាំនៃក្រុមធុរកិច្ចផ្សេងៗបានសម្តែងក្តីសង្ឃឹមថា ការពិភាក្សាអំពីការកសាងខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ក្នុងសម័យបច្ចេកវិទ្យាទំនើប នឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ បន្ទាប់ពីជួបសមាជិកសភាកូរ៉េខាងត្បូង លោក គីស៉ិដា បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំចង់ពង្រឹងទំនាក់ទំនងដែលខ្ញុំមានជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន និងសហការគ្នាបង្កើតយុគសម័យថ្មីមួយ»

គួរបញ្ជាក់ថា លោក គីស៉ិដា បានទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោយដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុយុល នៅទីក្រុងតូក្យូកាលពីខែមីនា ជាកន្លែងដែលមេដឹកនាំទាំងពីរបានស្វែងរក ការបិទបញ្ចប់ទំព័រជម្លោះប្រវត្តិសាស្ត្រ ដែលគ្រប់ដណ្តប់លើទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងអស់រយៈពេលជាច្រើនទសវត្សរ៍៕