(វែលីងតោន)៖ កងកម្លាំងការពារជាតិរបស់ប្រទេសនូវែលសេឡង់ នឹងទទួលបានថវិកាបន្ថែមចំនួន ៤៧២.១៤ លានដុល្លារអាមេរិកសម្រាប់រយៈពេល ៤ឆ្នាំ ខណៈរដ្ឋាភិបាលព្យាយាមបញ្ឈប់ការបាត់បង់បុគ្គលិកយោធា និងធានាដល់សមត្ថភាពធ្វើប្រតិបត្តិការយោធារបស់ខ្លួនជាមួយសម្ព័ន្ធមិត្ត និងដៃគូ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោក អាន់ឌ្រូ លីតថល (Andrew Little) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងបង្កើនថវិកាជាង ២៦៤លានដុល្លារបន្ថែមទៀត នៅក្នុងប្រាក់បៀវត្សរ៍បស់កងកម្លាំងការពារជាតិ និងជាង ២០៧លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសម្ភារ និងហេដ្ឋារចនាសម្ព័ន្ធនៃកងកម្លាំងសម្រាប់រយៈពេល ៤ឆ្នាំ។ លោក អាន់ឌ្រូ បានគូសបញ្ជាក់ថា «កត្តាបម្រែបម្រួលអាកាសធាតុ និងបរិយាកាសយុទ្ធសាស្ត្រភូមិសាស្ត្រ ដែលកាន់តែមានភាពប្រកួតប្រជែង រួមទាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិករបស់យើង វាជារឿងសំខាន់ដែលនូវែលសេឡង់ត្រូវមានកម្លាំង និងសម្ភារដែលដើរតួនាទីក្នុងការគាំទ្រសន្តិភាព និងសន្តិសុខពិភពលោក»។

មេទ័ពអាកាសនូវែលសេឡង់ លោក ខេវីន សត (Kevin Short) ក៏បានឲ្យដឹងដែរថា នេះគឺជាការបែងចែកមូលនិធិដ៏មានអត្ថន័យបំផុត ដែលយោធាបានទទួលក្នុងរយៈពេលជាច្រើនឆ្នាំ។ កងកម្លាំងការពារជាតិកំពុងជួបការលំបាក ជាមួយនិងបញ្ហាបាត់បង់បុគ្គលិកជាន់ខ្ពស់ ដែលនាំឲ្យនាវាចំនួន ៣គ្រឿងត្រូវផ្អាកប្រតិបត្តិការ និងការចូលនិវត្តន៍មុនកាលកំណត់នៃក្រុមយន្តហោះ P-3 Orion ដែលធ្វើឲ្យសមត្ថភាពឃ្លាំមើលដែនអាកាសរបស់នូវែលសេឡង់ ត្រូវមានកម្រិត។

គួរបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កងកម្លាំងយោធាដែលបម្រើការពេញម៉ោង បានបាត់បង់បុគ្គលិករបស់ខ្លួនចំនួន ២៩.៨% ដោយមិនរាប់បញ្ចូលអ្នកដែលបានបម្រើការតិចជាងពីរឆ្នាំ។ ចំនួននោះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣២.៦% ត្រឹមថ្ងៃទី៣០ ខែមិថុនា ប្រសិនបើគ្មានការដោះស្រាយនោះទេ។ បញ្ហាប្រឈមនេះកើតឡើងនៅពេលដែលការប្រកួតប្រជែង ក្នុងប៉ាស៊ីហ្វិកកាន់តែកើនឡើង ការប្រែប្រួលអាកាសធាតុ ហើយនូវែលសេឡង់កំពុងផ្តល់ជំនួយដល់អ៊ុយក្រែន៕