(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ជាមួយក្រុមមេដឹកនាំនៃប្រទេសអាស៉ីកណ្តាលចំនួន៥ នៅសប្តាហ៍ក្រោយនេះ ខណៈចិនបន្តបោះជំហានដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន នៅ​ក្នុងតំបន់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការបរទេសចិន បាននិយាយថា មេដឹកនាំមកពីកាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន តាហ្ស៉ីគីស្ថាន តួកមេនីស្ថាន និងអ៊ូសបេគីស្ថាន ត្រូវគេរំពឹងថា នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលចិន-អាស៉ីកណ្តាល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កិច្ចប្រជុំកំពូលខាងលើនឹងរៀបចំឡើង នៅទីក្រុងស៉ីអាន (Xi'an) នៃខេត្តសានស៉ី (Shaanxi) ហើយ​ជាកិច្ចប្រជុំកំពូលលើកដំបូងបង្អស់រវាងចិននិងអាស៉ីកណ្តាល ដែលនឹងផ្តោតសំខាន់ទៅលើ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងការទូតនៃតំបន់នេះជាមួយទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា បណ្តាប្រទេសនៅតំបន់អាស៉ីកណ្តាល គឺធ្លាប់ជាផ្នែកនៃអតីតសហភាពសូវៀត ហើយបានស្ថិតក្រោមឥទ្ធិពលរបស់ទីក្រុងមូស្គូ ចាប់តាំងតែពី ពាក់កណ្តាលទសវត្សរ៍ទី១៩ រហូតមក។ យ៉ាងណាមិញ ឥទ្ធិពលរបស់រុស្ស៉ីបានចាប់ផ្តើមមានភាពរង្គោះរង្គើ តាំងពីខ្លួន​បានបើកការឈ្លានពានលើអ៊ុយក្រែន បូករួមជាមួយការដែលទីក្រុងប៉េកាំង ចាប់ផ្តើមចែចង់ក្រុមសម្ព័ន្ធមិត្តជាយូរមកហើយរបស់ទីក្រុងមូស្គូ​នៅក្នុងតំបន់នេះ។ កាលពីឆ្នាំ២០២២ ការនាំចេញរបស់ចិន ទៅកាន់អាស៉ីកណ្តាល បានកើន៦០ភាគរយក្នុងអត្រាប្រចាំឆ្នាំ គឺដល់ទំហំខ្ទង់ ១.៤ពាន់លានដុល្លារ ខណៈនៅខែកញ្ញា ឆ្នាំដដែល លោក ស៉ី បានធ្វើដំណើរទៅកាន់កាហ្សាក់ស្ថាន ក្នុងការបំពេញទស្សនកិច្ចចេញក្រៅ​ប្រទេសជាលើកដំបូងបំផុត ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩៕