(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) នៅថ្ងៃចន្ទនេះ បាននិយាយថា វាជារឿងដ៏ចាំបាច់ក្នុងការធ្វើឱ្យទំនាក់ទំនង​ រវាងចិននិងសហរដ្ឋអាមេរិក ទទួលបានស្ថិរភាពឡើងវិញ បន្ទាប់ពីពាក្យសម្តីនិងទង្វើខុសឆ្គងជាបន្តបន្ទាប់ បានរុញច្រានចំណងទាក់ទងឱ្យ​ធ្លាក់ទៅក្នុងស្ថានភាពដុនដាបខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

ក្នុងជំនួបនៅឯទីក្រុងប៉េកាំងជាមួយអគ្គរដ្ឋទូតអាមេរិក លោក នីកូឡាស់ បឺន (Nicholas Burns) លោករដ្ឋមន្រ្តីការបរទេសចិន បាន​សង្កត់ធ្ងន់ជាពិសេសថា សហរដ្ឋអាមេរិកត្រូវតែកែតម្រូវឥរិយាបថរបស់ខ្លួនជុំវិញបញ្ហាតៃវ៉ាន់ ហើយឈប់ជាន់ឈ្លីអត្ថន័យនៃគោលការណ៍​ចិនតែមួយតទៅទៀត។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសចិន លោក ឈិន បានប្រាប់លោក បឺន យ៉ាងដូច្នេះថា «ពាក្យសម្តីនិងទង្វើខុសឆ្គងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក បានបំផ្លាញសញ្ញាវិជ្ជមាន នៃភាពរីកចម្រើនទៅមុខ ដែលសម្រេចបាន​ដោយលំបាកនៃទំនាក់ទំនងចិន-អាមេរិក។ សម្រាប់អាទិភាពចម្បងនាពេលនេះ គឺត្រូវផ្តល់ស្ថិរភាពឡើងវិញចំពោះទំនាក់ទំនងរវាង​ប្រទេសទាំងពីរ ចៀសវាងស្ថានភាពបាត់បង់ការគ្រប់គ្រង ហើយទប់ស្កាត់កុំឱ្យមានឧបទ្ទវហេតុផ្សេងៗ កើតឡើងបានរវាងចិននិងអាមេរិក»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ បានធ្លាក់ទៅក្នុងកម្រិតទាបបំផុតកាលពីឆ្នាំ២០២២ នៅពេលដែលលោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ដែលកាលនោះគឺជាប្រធានសភាតំណាងរាស្រ្តអាមេរិក បានបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់​កោះតៃវ៉ាន់ ដែលជាទង្វើធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង ដ្បិតចិនចាត់ទុកដែនកោះនេះ ជាផ្នែកនៃទឹកដីរបស់ខ្លួន។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងផ្លូវការជាមួយសហរដ្ឋអាមេរិក រួមមានទាំងបណ្តាញរវាងយោធារបស់ភាគីទាំងពីរ។

ភាពតានតឹងហាក់បានថមថយវិញ កាលពីខែវិច្ឆិកា ឆ្នាំដដែល នៅពេលមេដឹកនាំអាមេរិកនិងចិន គឺលោក ចូ បៃដិន និងលោក ស៉ី ជីនពីង បានជួបពិភាក្សាទល់មុខគ្នា កំលុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៉ី ហើយបានសន្យាថានឹងបង្កើនកិច្ចសន្ទនាឱ្យញឹកញាប់ជាងមុន។ យ៉ាងណាក្តី ភាពតានតឹងក៏បានកើនឡើងជាថ្មីកាលពីខែកុម្ភៈ ឆ្នាំនេះ នៅពេលបាឡុងរយៈកម្ពស់ខ្ពស់មួយរបស់ចិន បានលេចវត្តមាននៅ​លើដែនអាកាសរបស់សហរដ្ឋអាមេរិក ជាហេតុជំរុញឱ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) បានលុបចោលគម្រោងទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ រីឯកាលពីខែមុន ចិនបានធ្វើសមយុទ្ធយោធានៅជុំវិញតៃវ៉ាន់ បន្ទាប់ពី​មេដឹកនាំដែនកោះនេះ គឺលោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិកបច្ចុប្បន្នគឺលោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) នៅឯទីក្រុងឡូសអាន់ជេលែស (Los Angeles)៕