(ញូដេលី)៖ ប៉ូលិសនៅប្រទេសឥណ្ឌា បានឱ្យដឹងថា មនុស្ស២នាក់នៅលើដីបានបាត់បង់ជីវិត នាថ្ងៃចន្ទនេះ​ បន្ទាប់ពីយន្តហោះចម្បាំង MiG-21 ១គ្រឿង បានធ្លាក់ត្រូវចំលំនៅឋានមួយខ្នង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០២៣។

ក្រោយហេតុការណ៍ធ្លាក់យន្តហោះខាងលើ ដែលកើតឡើងនៅរដ្ឋរ៉ាចាស្ថាន (Rajasthan) ភាគខាងលិចប្រទេសឥណ្ឌា មន្រ្តីប៉ូលិស លោក ស៊ូឌី ចាវឌ្រី (Sudhir Chaudhary) បានប្រាប់ថា ពីឡុតត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព ខណៈយន្តហោះចម្បាំងនោះ បានធ្លាក់ទៅចំផ្ទះមួយខ្នង ហើយមនុស្ស២នាក់បានស្លាប់ និង៣នាក់បានរងរបួស។ កងទ័ពអាកាសឥណ្ឌា និយាយថា យន្តហោះ MiG-21 ១គ្រឿងរបស់កងកម្លាំងខ្លួន បានធ្លាក់កំលុងការហោះហើរហ្វឹកហ្វឺនជាប្រចាំមួយ នាព្រឹកថ្ងៃចន្ទនេះ ខណៈពីឡុតបានចុចផ្តាច់កៅអីផ្តាច់ចេញពី​យន្តហោះទាន់ពេលវេលា មុនវាធ្លាក់ដល់ដី។

កាលពីខែកក្កដា ឆ្នាំ២០២២ ពីឡុត២នាក់បានស្លាប់ នៅពេលយន្តហោះចម្បាំង MiG-21 ១គ្រឿងបានធ្លាក់ កំលុងការហោះហើរហ្វឹកហ្វឺន នៅរដ្ឋ Rajasthan។ វាគឺជាយន្តហោះ MiG-21 គ្រឿងទី៦ របស់ឥណ្ឌា ដែលបានធ្លាក់ គិតចាប់តាំងពីខែមករា ឆ្នាំ២០២១ ដោយពីឡុតសរុប៥នាក់ បានស្លាប់ ខណៈករណីនាថ្ងៃចន្ទនេះ គឺជា MiG-21 គ្រឿងទី៧។

គួរបញ្ជាក់ថា យន្តហោះចម្បាំង MiG-21 ដែលផលិតដោយអតីតសហភាពសូវៀត ត្រូវបានដំណើរការក្នុងជួរយោធាឥណ្ឌា កាលពីអំលុង​ទសវត្សរ៍ឆ្នាំ១៩៦០ និងបានបម្រើជាឆ្អឹងខ្នង នៃកងទ័ពអាកាសរបស់ប្រទេសនេះ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ទោះជាបែបនេះក្តី ករណីធ្លាក់ជាញឹកញាប់របស់វា កំលុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បាននាំឱ្យប្រភេទយន្តហោះចម្បាំងដ៏ចំណាស់នេះ ទទួលបានរហស្សនាមជា «យន្តហោះក្តារមឈូស» ដោយសារតែកំណត់ត្រាសុវត្ថិភាពដ៏ខ្សោយ៕