(ប៉េកាំង)៖ យានអវកាសសាកល្បងមួយគ្រឿងរបស់ចិន បានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញ នៅថ្ងៃចន្ទនេះ ក្រោយស្ថិតក្នុងគន្លងអវកាសអស់​រយៈពេលសរុប២៧៦ថ្ងៃ ដែលជាការបញ្ចប់បេសកកម្មដ៏សំខាន់មួយ ដើម្បីធ្វើតេស្តបច្ចេកវិទ្យាអាចប្រើប្រាស់ឡើងវិញ ក្នុងវិស័យអវកាស​របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា យានអវកាសដែលគ្មានផ្ទុកមនុស្សខាងលើ បានត្រឡប់មកដល់មជ្ឈមណ្ឌលបង្ហោះយានអវកាស ជីវគ្វ័ន (Jiuquan) នៅភាគពាយព្យប្រទេសចិន ក្នុងថ្ងៃចន្ទនេះ ដែលស្របតាមពេលវេលាកំណត់។ ពុំមានផ្តល់ព័ត៌មានលម្អិត​នោះឡើយ​ ជុំវិញសំណួរថា តើយានអវកាសនោះជាអ្វីឱ្យប្រាកដ, បច្ចេកវិទ្យាអ្វីដែលត្រូវបានធ្វើតេស្ត, រយៈកម្ពស់ដែលវាបានហោះហើរ ហើយ​គន្លងធ្វើដំណើររបស់វាបាននាំយាននោះទៅដល់ទីណាខ្លះ គិតចាប់តាំងពីការបាញ់បង្ហោះចេញពីផ្ទៃផែនដី កាលពីដើមខែសីហា ឆ្នាំ២០២២។

ចំណែករូបភាពផ្លូវការនៃយានអវកាសនេះ ក៏មិនទាន់ត្រូវបានបញ្ចេញជាសាធារណៈផងដែរ។ យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បេសកកម្ម​ខាងលើ គឺជាជោគជ័យសំខាន់មួយ នៅក្នុងការងារស្រាវជ្រាវរបស់ប្រទេសចិន ជុំវិញបច្ចេកវិទ្យាអាចប្រើប្រាស់ឡើងវិញបានសម្រាប់យាន​អវកាស ដែលនឹងផ្តល់មធ្យោបាយ ដែលកាន់តែងាយស្រួលនិងចំណាយថវិកាតិចជាងមុន ក្នុងការចេញបេសកកម្មអវកាសដទៃៗទៀត នាពេលអនាគត។

គួរបញ្ជាក់ថា បើតាមការសង្ស័យរបស់ក្រុមអ្នកអត្ថាធិប្បាយ នៅលើបណ្តាញទំនាក់ទំនងសង្គមចិន គឺទីក្រុងប៉េកាំងទំនងជាបាននិងកំពុង​អភិវឌ្ឍយានអវកាសមួយ ដែលស្រដៀងទៅនឹងយានអវកាស X-37B របស់កងទ័ពអាកាសអាមេរិក ដែលជាយានយន្តហោះអវកាស​ស្វ័យប្រវត្តិមួយ ដែលអាចស្ថិតនៅក្នុងគន្លងអវកាស បានរហូតដល់រាប់ឆ្នាំ។ យាន X-37B ដែលអាចប្រើប្រាស់ឡើងវិញនោះ បានត្រឡប់​មកដល់ផ្ទៃផែនដីវិញ កាលពីខែវិច្ឆិកា ឆ្នាំមុន នៅក្នុងបេសកកម្មទី៦ និងចុងក្រោយបំផុតរបស់វា ក្រោយចំណាយពេលសរុបរហូតដល់ជាង ៩០០ថ្ងៃក្នុងគន្លងអវកាស៕