(បែលហ្រ្កាដ)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងអប់រំនៃប្រទេសស៊ែប៊ី លោក ប្រាន់កូ រូហ្ស៉ីគ (Branko Ruzic) បានសម្រេច​លាលែងពីតួនាទីរបស់លោក ពោលគឺរយៈពេល៤ថ្ងៃ ក្រោយផ្ទុះករណីបាញ់ប្រហារនៅសាលារៀនមួយកន្លែង ជាទីដែលក្មេងប្រុសអាយុត្រឹម ១៣ឆ្នាំម្នាក់ បានសម្លាប់កូនសិស្ស៨នាក់ផ្សេងទៀត រួមទាំងសន្តិសុខម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

ក្នុងលិខិតសុំលាលែងពីមុខតំណែងផ្ញើទៅកាន់នាយករដ្ឋមន្រ្តីស៊ែប៊ី លោក រូហ្ស៉ីគ ក៏បានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសារសាច់ញាតិ​របស់ជនរងគ្រោះ នៃសោកនាដកម្មដ៏អាក្រក់កាលពីសប្តាហ៍មុន ដែលបានធ្វើឱ្យកក្រើកប្រទេសតំបន់បាល់កង់មួយនេះផងដែរ។ ដំបូងឡើយ លោក រូហ្ស៉ីគ ដែលមានវ័យ៤៧ឆ្នាំ បានទម្លាក់កំហុសទៅលើអ៉ីនធើណេត វីដេអូហ្គេម ហើយនិងគុណតម្លៃរបស់លោកខាងលិច សម្រាប់​ហេតុការណ៍បាញ់ប្រហារដ៏តក់ស្លុតខាងលើ។ ភ្លាមៗនោះ ក្រុមគណបក្សប្រឆាំងនិងក្រុមសិទ្ធិមនុស្ស បានអំពាវនាវឱ្យរូបលោកលាលែងពី​តំណែងរដ្ឋមន្រ្តីអប់រំ ហើយប្រជាជនស៊ែប៊ីរាប់ពាន់នាក់ ក៏បាននាំគ្នាប្រមូលផ្តុំនៅក្រៅក្រសួងអប់រំ ដើម្បីធ្វើការទាមទារដូចគ្នានេះផងដែរ។

គួរបញ្ជាក់ថា ត្រឹមតែមួយថ្ងៃក្រោយហេតុការណ៍បាញ់ប្រហារក្នុងសាលារៀនខាងលើ ដែលបានកើតឡើងនៅរដ្ឋធានីបែលហ្រ្កាដ ក៏កើតមានករណីបាញ់ប្រហារមួយផ្សេងទៀត ដោយខ្មាន់កាំភ្លើងអាយុ២១ឆ្នាំម្នាក់ បានបាញ់សម្លាប់មនុស្ស៨នាក់នៅភូមិមួយ ​ក្នុង​ក្រុងក្បែរទីក្រុងបែលហ្រ្កាដ៕