(ម៉ានីល)៖ ការដាច់ចរន្តអគ្គិសនីដែលមិនអាចពន្យល់បាន នៅថ្ងៃចន្ទនេះ នៅស្ថានីយ៍ទី៣ នៃអាកាសយានដ្ឋានទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន នាំឲ្យជើងហោះហើរក្នុងស្រុកប្រហែល៤០ របស់ក្រុមហ៊ុនអាកាសចរណ៍សេប៊ូ ប៉ាស៉ីហ្វិក (Cebu Pacific) ត្រូវលុបចោល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិ នីណយ អាគីណូ (Ninoy Aquino) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រ Facebook ដោយមិនបង្ហាញពីមូលហេតុនៃការដាច់ចរន្តអគ្គិសនី យ៉ាងដូច្នេះថា «ការពន្យារពេលជើងហោះហើរត្រូវបានរំពឹងទុក ដោយសារតែការដាច់ចរន្តអគ្គិសនី។ ពេលនេះប្រព័ន្ធថាមពលបម្រុងកំពុងផ្គត់ផ្គង់អគ្គិសនីដល់កន្លែងសំខាន់ៗ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ អាចដំណើរការម៉ាស៉ីនគ្រប់គ្រងអន្តោប្រវេសន៍បានដោយផ្នែក សម្រាប់ការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស»

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Cebu Pacific បានប្រកាសផ្តល់ជូនអ្នកដំណើររបស់ខ្លួនដែលត្រូវចេញដំណើរទៅ និងមកពីស្ថានីយទី ៣ នូវជម្រើសមួយ ដើម្បីកក់ទុកឡើងវិញ ឬស្នើសុំការបង្វិលសងសម្រាប់ការធ្វើដំណើរលើកក្រោយ។ ប្រធានាធិបតី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានណែនាំដល់រដ្ឋមន្រ្តីដឹកជញ្ជូន លោក ជេម បាវទីស្តា (Jaime Bautista) ឲ្យធ្វើការស្តារប្រតិបត្តិការដំណើរការថាមពលឡើងវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយផ្តល់ជំនួយដល់អ្នកដំណើរដែលរងផលប៉ះពាល់។

គួរបញ្ជាក់ថា ប្រតិបត្តិករអាកាសយានដ្ឋាន និងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីទីក្រុងម៉ានីល (Manila Electric Company) កំពុងរកមើលមូលហេតុនៃការដាច់ចរន្តអគ្គិសនី ចំរដូវកាលធ្វើដំណើរច្រើនបំផុតរបស់ប្រជាជនហ្វីលីពីន បន្ទាប់ឈប់សម្រាក ៣ថ្ងៃចុងសប្តាហ៍៕