(អាម៉ាន់)៖ នៅថ្ងៃចន្ទនេះ ប្រទេសហ្ស៊កដានីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងមន្រ្តីទូតកំពូលរបស់ប្រទេសស៉ីរី ដើម្បីពិភាក្សាអំពីការវិលត្រឡប់របស់ស៉ីរីចូលក្នុងសម្ព័ន្ធអារ៉ាប់វិញ ដែលជាផ្នែកមួយនៃដំណោះស្រាយនយោបាយដ៏ទូលំទូលាយ ចំពោះជម្លោះអាយុកាលជាង១ទសវត្សរ៍របស់ស៉ីរី។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។
មន្ត្រីរដ្ឋាភិបាលហ្ស៊កដានី និយាយថា កិច្ចប្រជុំដែលនឹងចូលរួមដោយរដ្ឋមន្ត្រីការបរទេសស៉ីរី លោក ហ្វៃសាល ម៉េកដាដ (Faisal Mekdad) និងសមភាគីរបស់លោកមកពីប្រទេសអេហ្ស៉ីប អ៉ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត គ្រោងពិភាក្សាអំពីផែនការរបស់ហ្សកដានីក្នុងការសម្រេចឲ្យបាននូវដំណោះស្រាយនយោបាយនៃជម្លោះ។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងជេដដាហ៍ (Jeddah) នៃប្រទេសអារ៉ាប៊ីសាអូឌីត រវាងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ក៏ដូចជាអេហ្ស៉ីប ហ្ស៊កដានី និងអ៉ីរ៉ាក់ បានបរាជ័យលើកិច្ចព្រមព្រៀងនាំយកប្រទេសស៉ីរីចូលក្នុងសម្ព័ន្ធអារ៉ាប់វិញ។
គួរបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកដំបូងនៃមន្ត្រីកំពូលរបស់ស៉ីរី ដែលផ្តួចផ្តើមឡើងដោយក្រុមប្រទេសអារ៉ាប់ ដែលភាគច្រើនជាអ្នកគាំទ្រឲ្យមានការផ្លាស់ប្តូរ ជុំវិញការផ្អាកសមាជិកភាពរបស់ស៊ីរីក្នុងសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១១ ដោយសារតែការបង្រ្កាបលើក្រុមបាតុករពីសំណាក់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់ អាសាដ (Bashar al-Assad) បង្កឲ្យក្លាយទៅជាសង្គ្រាមស៊ីវិល។
ប្រទេសក្នុងសម្ព័ន្ធអារ៉ាប់ និងអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជម្លោះនៅស៉ីរី កំពុងព្យាយាមឈានដល់ការឯកភាពគ្នាថាតើត្រូវអញ្ជើញលោក អាសាដ ឲ្យចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា នៅទីក្រុងរីយាដ ដើម្បីពិភាក្សាអំពីការធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីភាពឡើងវិញ និងលក្ខខណ្ឌអ្វីខ្លះដែលស៉ីរីអាចត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញ៕