(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគស៊េរីថ្មីមួយគ្រាប់ប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង ជាបច្ចេកវិទ្យាមួយស្ថិតនៅក្រោម គោលដៅអភិវឌ្ឍជាយូរមកហើយរបស់លោក គីម ជុងអ៊ុន សម្រាប់កម្មវិធីអាវុធនៃទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

ថ្លែងប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍នេះ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគស៊េរីថ្មីមួយគ្រាប់ ដំណើរការដោយឥន្ធនៈរឹង»។ មកទល់នឹងពេលនេះ គ្រប់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM របស់កូរ៉េខាងជើងដែលគេបានស្គាល់ សុទ្ធសឹងតែដំណើរការដោយឥន្ធនៈរាវ ហើយមីស៊ីល ICBM ឥន្ធនៈរឹង ជាប្រភេទអាវុធអាចបាញ់ចេញពីនាវាមុជទឹក ឬដីគោក និងជាគោលដៅអភិវឌ្ឍជាយូរណាស់មកហើយរបស់លោក គីម។ ណាមួយបើតាមក្រុមអ្នកជំនាញ មីស៊ីលឥន្ធនៈរឹងមាន សមត្ថភាពខ្ពស់ ដោយវាមានភាពងាយស្រួលក្នុងការរៀបចំបាញ់ចេញ បង្កការលំបាកដល់សត្រូវក្នុងការចាប់សញ្ញា និងមានសមត្ថភាពកម្ទេចគោលដៅ ក្នុងការវាយប្រហារបង្ការទុកមុន។

នៅឯការធ្វើព្យុហយាត្រយោធាមួយ ក្នុងទីក្រុងព្យុងយ៉ាង កាលពីខែកុម្ភៈកន្លងទៅ កូរ៉េខាងជើង បានសម្ញែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ក្នុងនោះរួមមានទាំងប្រភេទ មីស៊ីលដែលក្រុមអ្នកជំនាញជឿថាជាមីស៊ីល ICBM ឥន្ធនៈរឹង។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះ បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចូលសមុទ្រជប៉ុន ដែលទំនងជាងមីស៊ីលរយៈចម្ងាយមធ្យម ឬចម្ងាយឆ្ងាយ។ មីស៊ីល នេះត្រូវបានបាញ់ចេញពីតំបន់មួយក្នុងរដ្ឋធានីព្យុងយ៉ាង នៅម៉ោង ៧៖២៣នាទីព្រឹក និងហោះបានចម្ងាយ ១,០០០គីឡូម៉ែត្រ៕