(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាគោលជំហររបស់បារាំងទាក់ទងនឹងតៃវ៉ាន់ មិនមានការប្រែប្រួលនោះទេ ហើយលោកនៅតែគាំទ្រដល់ ស្ថានភាពដើមសព្វថ្ងៃក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីលោកត្រូវបានសាកសួរបញ្ជាក់ពីការអត្ថាធិប្បាយដែលបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងតំបន់ អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Politico និង ឡេ អេកូ (Les Echos) កំលុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ លោក ម៉ាក្រុង បាននិយាយថា អឺរ៉ុប មិនត្រូវធ្វើជាអ្នកដើរតាមពីក្រោយសហរដ្ឋអាមេរិក ឬចិន ទាក់ទងនឹងកោះតៃវ៉ាន់នោះទេ ជាមួយការសង្កត់ធ្ងន់ថាអឺរ៉ុបកំពុងប្រឈមនឹងហានិភ័យជាប់ផុងក្នុងជម្លោះ ដែលមិនមែនជា ជម្លោះរបស់ខ្លួនឯង។

ការអត្ថាធិប្បាយបែបនេះរងការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្ត ដោយសូម្បីតែអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានលើកឡើងដែរថាលោក ម៉ាក្រុង កំពុងប្រឹងប្រែងផ្គាប់ចិត្ត លោកប្រធានាធិបតីចិន ស៉ី ជិនពីង។ យ៉ាងណាក៏ដោយ ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសហូឡង់ ប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់ ដូច្នេះថា «គោលជំហររបស់បារាំង និងអឺរ៉ុប ទាក់ទងនឹងតៃវ៉ាន់ គឺនៅតែដដែល។ យើងគាំទ្រដល់ស្ថានភាពដើម ហើយគោលនយោបាយនេះនៅតែដដែល មិនមានការប្រែប្រួលអ្វីឡើយ»។ លោក ម៉ាក្រុង បានបន្ថែមថា លោកមានចក្ខុវិស័យរួមនៃការបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បើទោះជាអ្នកទាំង២ មានយុទ្ធសាស្ត្ ផ្ទាល់ខ្លួន ចំពោះចិនក៏ដោយ។

គួរបញ្ជាក់ថា លោក ម៉ាក្រុង ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន មិនបានលើកឈ្មោះតៃវ៉ាន់ នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់លោក នោះទេ ដែលចន្លោះប្រហោងនេះរងការរិះគន់យ៉ាងខ្លាំង នៅពេលត្រឡប់ទៅអឺរ៉ុបវិញ៕