(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចលុបចោលបទបញ្ជាជម្លៀសខ្លួនសម្រាប់ប្រជាជន លើកោះហុកកៃដូវិញហើយ ដោយបញ្ជាក់ថាប្រព័ន្ធប្រកាសភាពអាសន្នមានកំហុស បច្ចេកទេស ខណៈនាយករដ្ឋមន្ត្រី លោក ហ្វូមីអុ គីស៉ីដា ក៏បានបញ្ជាក់ដែរថាមីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើងបានបាញ់សាកល្បងមិនបានធ្លាក់លើទឹកដីជប៉ុនឡើយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

រដ្ឋាភិបាលជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញសារព្រមានឱ្យប្រជាជនរស់នៅលើកោះហុកកៃដូ ជម្លៀសខ្លួនរត់រកកន្លែងមានសុវត្ថិភាព បន្ទាប់ពីកូរ៉េខាងជើងបានបាញ់ សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ទំនងជាមីស៊ីលរយៈចម្ងាយមធ្យម ឬចម្ងាយឆ្ងាយ។ ការព្រមានបានឱ្យដឹងថាមីស៊ីលកូរ៉េខាងជើង ត្រូវបានរំពឹងថាអាចនឹងធ្លាក់លើកោះហុកកៃដូ នៅម៉ោង ៨៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ប៉ុន្តែ ក្រោយមក អាជ្ញាធរក្នុងតំបន់បាននិយាយថាមីស៊ីលនេះមិនបានធ្លាក់នៅក្បែរកោះភាគខាងជើងនៃប្រទេសជប៉ុននោះទេ។

បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ក៏បានបញ្ជាក់ដែរថាមីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើងបានបាញ់សាកល្បង មិនបានធ្លាក់លើទឹកដីជប៉ុនឡើយ។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន តែមិនបាន បញ្ជាក់ពីប្រភេទមីស៊ីលនេះទេ។ តែរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្សុ ហាម៉ាដា (Yasukazu Hamada) បានប្រាប់អ្នកសារព័ត៌មានថាមីស៊ីលដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដ អាចជាប្រភេទបាលិស្ទីគ ICBM៕