(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ដោយជំរុញឱ្យជប៉ុនចេញសារព្រមានទៅកាន់ ប្រជាជនរស់នៅលើកោះហុកកៃដូ (Hokkaido) ស្ថិតនៅភាគខាងជើងនៃប្រទេស រត់រកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា​ «កូរ៉េខាងជើង បានបាញ់សាកល្បងមីស៉ីលបាលិស្ទីគមួយគ្រាប់ មិនទាន់ ស្គាល់ម៉ាក ចូលក្នុងសមុទ្រខាងកើត»។ សមុទ្រខាងកើត ត្រូវបានគេហៅម្យ៉ាងទៀតថាសមុទ្រជប៉ុន ប៉ុន្តែខាងយោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ ចំណែកឯ ជប៉ុន ក៏បានអះអាងពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ និងបានប្រាប់ឱ្យប្រជាជនរស់នៅលើកោះហុកកៃដូ ជម្លៀសខ្លួនជាបន្ទាន់ និងរត់រកកន្លែងជ្រកកោនមាន សុវត្ថិភាពដូចជាក្នុងអគារ ឬបន្ទប់ក្រោមដី ជាមួយការព្រមានថាមីស៊ីលនេះត្រូវបានរំពឹងថានឹងធ្លាក់នៅម៉ោង៨៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់)។

យ៉ាងណាក៏ដោយ ក្រោយមក អាជ្ញាធរនៅលើកោះហុកកៃដូ បាននិយាយថាមិនមានលទ្ធភាពដែលមីស៊ីលអាចនឹងធ្លាក់លើកោះនេះនោះទេ៕