(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ (១២ មេសា) នេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ «ពង្រឹងការហ្វឹកហ្វឺនយោធាតម្រង់ឆ្ពោះទៅរកការប្រយុទ្ធពិតប្រាកដ» បន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាក្នុងគោលបំណងព្រមានកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា​ ឆ្នាំ២០២៣។

ការកត់សម្គាល់របស់ លោក ស៊ី ជីនពីង បែបនេះធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចត្រួតពិនិត្យកងទ័ពជើងទឹករបស់លោកកាលពីថ្ងៃអង្គារ។ វាបានកើតឡើងនៅពេលដែលភាពតានតឹងនៅក្នុងតំបន់បានកើនឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាបីថ្ងៃជាប់គ្នា ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen កាលពីសប្តាហ៍មុន ជាកន្លែងដែលលោកស្រីបានជួបជាមួយក្រុមសមាជិកសភាទ្វេភាគី។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោក ស៊ី កាលពីថ្ងៃអង្គារបានប្រាប់បញ្ជាការដ្ឋានកងទ័ពជើងទឹកថា យោធាត្រូវតែ «ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពដែនដី និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន ហើយខិតខំការពារស្ថិរភាពផ្នែកខាងក្នុងទាំងមូល»។

ទីក្រុងប៉េកាំងក៏ខឹងសម្បារចំពោះផែនការសម្រាប់កងកម្លាំងអាមេរិក ក្នុងការប្រើប្រាស់មូលដ្ឋានដែលកំពុងកើនឡើងនៅក្នុងប្រទេសហ្វីលីពីន រួមទាំងទីតាំងមួយនៅជិតកោះតៃវ៉ាន់ផងដែរ។

សហរដ្ឋអាមេរិក និងហ្វីលីពីនកំពុងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ពួកគេនៅសប្តាហ៍នេះ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសន្យាថានឹង «ឈរជាមួយហ្វីលីពីនប្រឆាំងនឹងការបំភិតបំភ័យ ឬការបង្ខិតបង្ខំណាមួយ រួមទាំងនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ»៕