(ប៉េកាំង)៖ កោះតៃវ៉ាន់ បានថ្លែងបង្ហាញថា ចិនដីគោកហាក់ដូចជាបានត្រៀមជើងព្រួលរបស់ខ្លួនរួចជាស្រេច ក្នុងការរង់ចាំគ្រញឹបយកកោះតៃវ៉ាន់ក្នុងពេលណាមួយ ដែលគេមិនអាច ដឹងបានឡើយ ។ ការថ្លែងបង្ហាញក្តីសង្ស័យនេះ បានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បន្ទាប់ពីសមយុទ្ធ Joint Sword រយៈពេល៣ថ្ងៃរបស់កងកម្លាំង រំដោះប្រជាជនចិនទើបបាន បិទបញ្ចប់។

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានថ្លែងថាការធ្វើសមយុទ្ធចិនព័ទ្ធជុំវិញកោះតៃវ៉ាន់វេលាថ្មីៗចុងក្រោយនេះ គឺវាហាក់ដូចជាចិនកំពុងត្រៀមក្នុងការធ្វើសង្គ្រាម មែនទែន មួយប្រឆាំងនឹងតៃវ៉ាន់។ ប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់រូបនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសមយុទ្ធ Joint Sword រយៈពេល៣ថ្ងៃរបស់កងកម្លាំងរំដោះ ប្រជាជនចិន ទើបបាន បញ្ចប់ជាមួយនឹងការបង្ហាញលក្ខណៈត្រាប់ដូចជាមានការវាយពិតៗដាក់ទៅលើកោះតៃវ៉ាន់។

ឆ្លើយតបនឹងសំណួរមួយរបស់ស៊ីអិនអិនក្នុងការសាកសួរថាតើរដ្ឋាភិបាលក្រុងប៉េកាំងបាន គំរាមតៃវ៉ាន់ក្នុងការធ្វើសង្គ្រាមមែនឬ? រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានថ្លែង ថា «ពិតមែនហើយ»។ លោកថា «បើយើងក្រឡេកមើលលំហាត់យោធាទាំងនោះក៏ដូចជាពាក្យសម្តីបំពងវោហាសាស្ត្ររបស់ពួកគេដែលហាក់ដូចជា បង្ហាញថាពួកគេ កំពុងតែព្យាយាមត្រៀមខ្លួនដើម្បីការធ្វើសង្គ្រាមមួយប្រឆាំងនឹងតៃវ៉ាន់»។ លោកបានថ្លែងទៀតថារដ្ឋបាលកោះតៃវ៉ាន់បានមើលឃើញថាការគំរាមកំហែងរបស់ចិនគឺជាអ្វីមួយដែល គេមិនអាចទទួលយកបានឡើយ និងលោកបញ្ជាក់ថាតៃវ៉ាន់ថ្កោលទោសចំពោះ ការធ្វើសមយុទ្ធនោះ។

សមយុទ្ធ Joint Sword រយៈពេល៣ថ្ងៃដែលចូលរួមដោយយន្តហោះចម្បាំងនិងនាវាចម្បាំងរបស់ចិន ដែលពេលខ្លះថែមទាំងមានការបានបាញ់គ្រាប់ពិតទៀតនោះ បានសម្តែងធ្វើ ដូចជា ការវាយប្រហារមែនទែន Simulated Strikes ដាក់លើកោះតៃវ៉ាន់ រវាងពីថ្ងៃសៅរ៍ទី៨ ដល់ ១០ មេសា ឆ្នាំ២០២៣ គឺមួយថ្ងៃបន្ទាប់ពីលោកស្រី សៃ អ៊ឹងវ៉ិន ទើបបានវិលត្រឡប់ ពីដំណើរក្រៅប្រទេសដែលជាដំណើរជួបនឹង ប្រធានសភាថ្មីអាមេរិកលោក Kevin McCarthy។ បើទោះបីជាសេចក្តីរាយការណ៍ខ្លះបង្ហាញថាសមយុទ្ធបីថ្ងៃនេះ មិនបានធ្វើឱ្យពលរដ្ឋតៃវ៉ាន់បានជ្រួលច្របល់នៅលើកោះនោះក៏ដោយ ប៉ុន្តែមន្ត្រីរដ្ឋបាលក្រុងតៃប៉ិ យល់ថាវាជាសញ្ញាមួយ នៃការកាន់តែខិតជិតដែលចិនដីគោក នឹងអាចប្រើ កម្លាំងក្នុងពេលណាមួយវាយគ្រញឹប ដណ្តើមកាន់កាប់កោះតៃវ៉ាន់ក្នុងការបង្រួបបង្រួមជាតិ។

ប្រទេសចិន និងតៃវ៉ាន់ បានបែកបាក់គ្នានាពេលបញ្ចប់សង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩។ ប្រទេសចិនចាត់ទុកតៃវ៉ាន់គឺជាផ្នែកនៃទឹកដីរបស់ខ្លួន ខណៈដែលតៃវ៉ាន់បានព្យាយាម ចង់ផ្តាច់ខ្លួន ចេញពីការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថា នឹងអាចប្រើប្រាស់កម្លាំងវាយធ្វើការបង្រួបបង្រួមកោះតៃវ៉ាន់ នោះយកមកវិញ បើសិនជាចាំបាច់ត្រូវប្រើកម្លាំងបាយនោះ។ ការធ្វើសមយុទ្ធរបស់ប្រទេសចិនហ៊ុមព័ទ្ធជុំវិញកោះតៃវ៉ាន់មិនមែនទើបជាលើកដំបូងនោះទេ។ កាលពីខែសីហា ឆ្នាំ ២០២២, កងកម្លាំងរំដោះប្រជាជនចិន បានធ្វើសមយុទ្ធក្នុងទ្រង់ទ្រាយធំ មួយជាងនេះទៅទៀត ខណៈដែលពេលនោះ កោះតៃវ៉ាន់បានទទួលស្វាគមន៍អតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi… ប៉ុន្តែការធ្វើសមយុទ្ធរយៈពេល៣ថ្ងៃកន្លងមកនេះ បើទោះបីជាមិនមានលក្ខណៈទ្រង់ទ្រាយធំដូចពីមុននោះក្តី ប៉ុន្តែបែរជាធ្វើឱ្យរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ មានអារម្មណ៍ថាចិនហាក់ដូចជាបានត្រៀមជើងព្រួលមែនទែនក្នុងការចង់វាយប្រហារ ដាក់មកលើកោះតៃវ៉ាន់នោះ។

បើយោងតាមការវាយតម្លៃរបស់មន្ត្រីយោធាសហរដ្ឋអាមេរិក, ប្រទេសចិននៅមិនទាន់ហ៊ាន ប្រើកម្លាំងរបស់ខ្លួនដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ក្នុងពេលឆាប់ៗនេះឡើយ និងម្យ៉ាងទៀត ឧត្តមសេនីយ៍អាមេរិកបានវាយតម្លៃថាចិននឹងអាចវាយកោះតៃវ៉ាន់ក្នុងឆ្នាំ២០២៥…ចំណែក ក្រុមសម្ងាត់ស៊ីអាយអេបានវាយតម្លៃថា មេដឹកនាំចិនលោកស៊ីជីនពីងបានដាក់ចេញនូវ គោលការណ៍ដែលអាចវាយលុកដណ្តើមកោះតៃវ៉ាន់វិញរហូតដល់ឆ្នាំ២០២៧។ ក្នុងសំណួរដែលពាក់ ព័ន្ធនឹងការចង់ដឹងថាតើតៃវ៉ាន់អាចវាយតម្លៃបានថា ប្រទេសចិននឹងធ្វើ ការវាយប្រហារដាក់លើ កោះនៅថ្ងៃណាមួយនោះ? រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu បានថ្លែងបញ្ជាក់ថា គេចាំបាច់ត្រូវតែត្រៀមរៀបចំខ្លួនការពារទុកជាមុនដោយ មិនរង់ចាំថា ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ឬ ពេលណាមួយដែលចិននឹងធ្វើការវាយលុកនោះទេ។

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានថ្លែងថាការយល់ឃើញរបស់តៃវ៉ាន់ គឺចិននឹងអាចប្រើកម្លាំងវាយយកកោះតៃវ៉ាន់។ លោកថាតៃវ៉ាន់បានមើលឃើញថា ប្រទេស ចិនបានដកបទពិសោធន៍ប្រមាណមួយឆ្នាំមកនេះ គឺចិនចង់ប្រើកម្លាំងយោធានៅក្នុងពេលណាមួយ ដែលចិនចង់ធ្វើ។ លោកបានបន្តថា មេដឹកនាំចិន នឹងគិតទ្វេដងនៅមុន ការសម្រេចចិត្តរបស់គេក្នុងការប្រើកម្លាំងដាក់មកលើតៃវ៉ាន់នោះ។ លោក Joseph Wu ថ្លែងថាដូច្នេះមិនថាឆ្នាំ ២០២៥ ឬ ឆ្នាំ២០២៧ ឬឆ្នាំលើសពីនោះទៀតឡើយ គឺតៃវ៉ាន់ ចាំបាច់ត្រូវតែត្រៀមខ្លួនឱ្យហើយ និងរួចជាស្រេច។ ការធ្វើសមយុទ្ធយោធារបស់ចិនបីថ្ងៃចុងក្រោយកន្លងមកនេះ បានទន្ទឹមនឹងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងក្រុងប៉េកាំង ដែលនៅទីនោះលោកបានជួបពិភាក្សាជាមួយនឹងមេដឹកនាំចិនលោក ស៊ី ជិនពីង។ ប្រទេសបារាំងគឺជាប្រទេសដែលតែងមាននយោបាយ ដើរជាមួយនឹងនយោបាយសហរដ្ឋអាមេរិកជាប់ជាប្រចាំ ជាពិសេសក្នុង ការធ្វើសង្គ្រាមនានាក្នុងតំបន់កន្លងមកនេះដូចជាសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ានិងសង្គ្រាមក្នុង ប្រទេសអ៊ុយក្រែននោះជាដើម។

ក្រោយការជួបពិភាក្សាជាមួយនឹង លោក ស៊ី ជិនពីងរួច, មានសំណួរខ្លះពីក្រុមបណ្តាសារព័ត៌ មានដែលបានសួរទៅលោក ម៉ាក្រុង ដោយចង់ដឹងថាតើបារាំងនឹងធ្វើការពាក់ព័ន្ធ ដែរឬទេក្នុងវិបត្តិជម្លោះតៃវ៉ាន់ ខណៈដែលសហរដ្ឋអាមេរិកបានបង្ហាញការសន្យាជួយធ្វើអន្តរាគមន៍ទៅហើយនោះ? លោក ម៉ាក្រុងបានឆ្លើយថា «អ្វីដែលអាក្រក់បំផុត គឺការគិតថា យើង ក្នុងសហគមន៍អឺរ៉ុបត្រូវតែធ្វើជាអ្នកដើរតាមប្រធានបទនេះ និងធ្វើការសម្រេបតាមចង្វាក់របស់សហរដ្ឋអាមេរិក ឬប្រតិកម្មហួសហេតុរបស់ចិន»។ ប៉ុន្តែសម្តីនេះ ក្រោយមក ត្រូវបានមន្ត្រីបារាំងបានបកស្រាយ មកវិញថាគឺជាការបកប្រែខុសនឹងសម្តីរបស់លោក ម៉ាក្រុង។

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu ក្នុងពេលធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ នឹងទូរទស្សន៍ស៊ីអិនអិន នោះបានអំពាវនាវសុំឱ្យប្រធានាធិបតីបារាំងបកស្រាយច្បាស់ លាស់នូវជំហររបស់ខ្លួនពាក់ព័ន្ធនឹងជម្លោះចិន និងតៃវ៉ាន់។ លោក Joseph Wu បានថ្លែងថាកន្លង មករដ្ឋាភិបាលបារាំង បានបង្ហាញជំហរគាំទ្រដល់កោះតៃវ៉ាន់នោះទេ។ បញ្ហា ជម្លោះរវាងប្រទេសចិននិងតៃវ៉ាន់ បាននាំឱ្យមានក្តីបារម្ភខ្លាចក្រែងពិភពលោកផ្ទុះសង្គ្រាមថ្មីមួយបន្ថែមទៀត ខណៈដែលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនអូសបន្លាយប្រមាណជាងមួយឆ្នាំ មកនេះ បានបង្កកត្តាអស្ថិរភាពសេដ្ឋកិច្ចដល់ប្រទេសមួយចំនួនក្នុងពិភពលោកនិង ថែមទាំងបានរុញច្រានពិភពលោកបាត់បង់នូវសណ្តាប់ធ្នាប់របស់ខ្លួនថែមទៀត។ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាចិត្តថារដ្ឋបាលរបស់លោកនឹងផ្តល់ការជួយអន្តរាគមន៍យោធាដល់តៃវ៉ាន់បើសិនជារដ្ឋាភិបាលក្រុងប៉េកាំងហ៊ានប្រើកម្លាំងវាយប្រហារ ដាក់មក លើរដ្ឋាភិបាលក្រុងតៃប៉ិនោះ បើទោះបីជាសហរដ្ឋអាមេរិកនៅតែប្រើពាក្យសម្តីការគោរពគោលការណ៍នយោបាយចិនតែមួយនោះក៏ដោយ។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានថ្លែងថា «សហរដ្ឋអាមេរិក ហាក់បីដូចជា មានការតាំងចិត្តច្រើនជាងពេលណាៗទាំងអស់ក្នុងការបង្កើតស្ថានការណ៍ដែលប្រទេសចិន នឹងអាចដឹងថា បើសិនជាមានការវាយប្រហារណាមួយដាក់មកលើតៃវ៉ាន់ គឺចិននឹងបង់ខាត ធ្ងន់ធ្ងរចំពោះការធ្វើសង្គ្រាមនោះ»។ រដ្ឋមន្ត្រីការបរទេសចិនតៃវ៉ាន់រូបនោះ បានថ្លែងចុងក្រោយ ថាគេកោតសរសើរចំពោះគោលជំហររបស់សហរដ្ឋអាមេរិកដែលបង្ហាញគោលជំហរនោះ។

នយោបាយចង់បំបែកមហាកំពែងចិន គឺជាគោលនយោបាយរបស់សហរដ្ឋអាមេរិកដើម្បី បន្សាបឥទ្ធិពលប្រទេសនៃមហានាគអាស៊ីនេះ ប៉ុន្តែសំណួរមួយដែលចង់ដឹងថាតើសហរដ្ឋអា មេរិកអាចធ្វើសង្គ្រាមបន្សាបឥទ្ធិពលប្រទេសចិនបានដែរឬទេ ខណៈដែលការប្តេជ្ញាចិត្តជួយ អ៊ុយក្រែនដើម្បីបន្សាបឥទ្ធិពលរុស្ស៊ីក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែននោះ នៅមិនទាន់ដឹងឈ្នះនិង ចាញ់នៅឡើយផងនោះ៕