(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ​CCTV នៅថ្ងៃពុធនេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានអំពាវនាវឱ្យ​កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន ត្រូវពង្រឹងកាន់តែខ្លាំងថែមទៀត នូវការហ្វឹកហាត់យោធា​ ដែលផ្តោតទៅលើស្ថានភាពប្រយុទ្ធ​ជាក់ស្តែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

យោងតាម CCTV ការធ្វើអត្ថាធិប្បាយដូចខាងលើរបស់លោក ស៉ី ត្រូវបានធ្វើឡើងកំលុងដំណើរទស្សនកិច្ចចុះពិនិត្យកងទ័ពជើងទឹកចិន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នាពេលនោះ លោកប្រធានាធិបតីចិន ក៏បានបន្ថែមផងដែរថា កងកម្លាំងយោធាត្រូវតែការពារឱ្យមុតមាំនូវ​អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ដែនសមុទ្ររបស់់ប្រទេសចិន។

គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះ យោធាចិនទើបតែបានបិទបញ្ចប់ ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ រយៈពេល៣ថ្ងៃ ក្រោមគោលដៅ​​កំញើញតៃវ៉ាន់។ ភាពតានតឹងបានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ បន្ទាប់ពីការដំឡើងសាច់ដុំយោធារបស់ទីក្រុងប៉េកាំង ដែលចាត់​ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ប្រទេសចិន។ ចិនបានបើកការធ្វើសមយុទ្ធយោធានោះ ដើម្បីឆ្លើយតបចំពោះជំនួបរវាង​មេដឹកនាំកោះតៃវ៉ាន់ ហើយនិងប្រធានសភាតំណាងរាស្រ្តអាមេរិក នៅរដ្ឋកាលីហ្វរញ៉ា កាលពីសប្តាហ៍មុន៕