(ញូដេលី)៖ នៅថ្ងៃពុធនេះ អនុរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានបិទបញ្ចប់ទស្សនកិច្ចរយៈពេល៤ថ្ងៃ របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីបានអំពាវនាវសុំ​ជំនួយមនុស្សធម៌ រួមទាំងការគាំទ្រផ្នែកការទូតពីទីក្រុងញូដេលី ដែលមកទល់ពេលនេះ បានបន្តចៀសវាងថ្កោលទោសការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

ក្នុងសប្តាហ៍នេះ លោកស្រី អេមៀន ចាប៉ារ៉ូវ៉ា (Emine Dzhaparova) អនុរដ្ឋមន្រ្តីការបរទេសទី១របស់អ៊ុយក្រែន បានជួបជាមួយសមភាគីឥណ្ឌារបស់​លោកស្រី ក្នុងជំនួបពិភាក្សាទល់មុខគ្នាជាលើកដំបូងរវាងប្រទេសទាំងពីរ គិតចាប់តាំងពីសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន បានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះ របស់ក្រសួងការបរទេសឥណ្ឌា លោកស្រី ចាប៉ារ៉ូវ៉ា បានស្នើឱ្យឥណ្ឌាផ្តល់​ថ្នាំពេទ្យ និងសម្ភារវេជ្ជសាស្រ្តដល់អ៊ុយក្រែន ហើយប្រគល់លិខិតមួយច្បាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឌីមៀ ហ្សេលេនស្គី ដែលផ្ញើជូន​នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ផងដែរ។

ដោយឡែក ថ្លែងប្រាប់វិទ្យាស្ថានស្រាវជ្រាវមួយ ក្នុងទីក្រុងញូដេលីកាលពីថ្ងៃអង្គារ លោកស្រី ចាប៉ារ៉ូវ៉ា បាននិយាយថា លោកស្រីជឿថា ឥណ្ឌាអាចដើរតួនាទីសំខាន់ ក្នុងកិច្ចប្រឹងប្រែងជួយបញ្ចប់សង្រ្គាម ជាពិសេសខណៈដែលឥណ្ឌាជាប្រធាន G20 ក្នុងឆ្នាំនេះ។ មកទល់ឥឡូវ ទីក្រុងញូដេលីមិនបានថ្កោលទោសជាសាធារណៈឡើយ ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ប៉ុន្តែកាលពីឆ្នាំមុន លោក ម៉ូឌី ធ្លាប់បានប្រាប់ទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថា នេះមិនមែនជាពេលវេលា នៃសង្រ្គាមនោះទេ។

គួរបញ្ជាក់ថា ចំណងទាក់ទងផ្នែកសន្តិសុខដ៏យូរអង្វែងរបស់ឥណ្ឌាជាមួយរុស្ស៉ី បានធ្វើឱ្យទីក្រុងញូដេលីស្ថិតក្នុងជំហរលំបាកមួយ ហើយ​ស្របពេលដែលឥណ្ឌាបានអំពាវនាវ ឱ្យបញ្ចប់អរិភាពទាំងអស់នៅអ៊ុយក្រែន ឥណ្ឌានៅតែមិនថ្កោលទោសចំៗលើការឈ្លានពាននោះឡើយ។ ម៉្យាងវិញទៀត ឥណ្ឌាក៏កំពុងបង្កើនការទិញប្រេងបញ្ចុះតម្លៃពីរុស្ស៉ីផងដែរ បើទោះបីជាត្រូវបានលោកខាងលិច ទទូចឱ្យជួយកាត់ផ្តាច់ប្រភព​ចំណូលរបស់ទីក្រុងមូស្គូក៏ដោយ៕