(ហាណូយ)៖ មេធាវីបាននិយាយថា នៅថ្ងៃពុធនេះតុលាការក្រុងហាណូយ បានកាត់ទោសសកម្មជននយោបាយវៀតណាមដ៏លេចធ្លោម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំពីបទធ្វើសកម្មភាពប្រឆាំងក្នុងប្រទេស ដែលនាំឲ្យមានការព្រួយបារម្ភជាអន្តរជាតិ ចំពោះការដឹកនាំនៃប្រទេសកុម្មុយនិស្តមួយនេះ ទៅលើក្រុមអ្នកប្រឆាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

បើតាមគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ង្វៀន ឡាន់ថាង (Nguyen Lan Thang) អាយុ ៤៨ឆ្នាំ ធ្លាប់បានចូលរួមក្នុងសកម្មតវ៉ាដើម្បីបរិស្ថាន និងប្រឆាំងប្រទេសចិន ក៏ដូចជាសម្តែងការគាំទ្រដល់សកម្មជន ដែលជាប់ពន្ធនាគារផ្សេងទៀត ហើយថែមទាំងជាអ្នកសរសេរប្លុកអំពីបញ្ហាសង្គម-នយោបាយរបស់វៀតណាម ផងដែរ។

កាលពីឆ្នាំ២០២២ ប៉ូលិស បានឲ្យដឹងថា លោក ថាង ត្រូវបានចាប់ខ្លួនពីបទ «បង្កើត រក្សាទុក ឬចែកចាយព័ត៌មាន សម្ភារ ឯកសារ ដើម្បីប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ លោក ឡេ វ៉ាន់លួន (Le Van Luan) ដែលជាមេធាវីរបស់លោក ថាង បាននិយាយបន្ទាប់ពីមានសវនាការបិទទ្វារ នៅតុលាការប្រជាជនទីក្រុងហាណូយថា លោក ថាង ក៏នឹងត្រូវដាក់ឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២ឆ្នាំផងដែរ ក្រោយការអនុវត្តទោស ៦ឆ្នាំរួច នៅពន្ធនាគារ។

គួរបញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានឲ្យដឹងថា អាជ្ញាធរវៀតណាមបានកាត់ទោសមនុស្សយ៉ាងហោចណាស់ ១៦៣នាក់ ចាប់តាំងពីឆ្នាំ ២០១៨មក សម្រាប់ការអនុវត្តសិទ្ធិរបស់ពួកគេចំពោះសេរីភាពនៃការបញ្ចេញមតិ ឬការបង្កើតសមាគម នៅក្រោមច្បាប់មិនច្បាស់លាស់ឬជ្រុលហួសហេតុ ដែលកំណត់ការតវ៉ាឬរិះគន់រដ្ឋាភិបាល ជាទង្វើខុសច្បាប់៕