(មូស្គូ)៖ នៅថ្ងៃពុធនេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ីបាននិយាយថា ការលេចធ្លាយឯកសារព័ត៌មានសម្ងាត់ៗជាច្រើនរបស់សហរដ្ឋអាមេរិក នៅលើប្រព័ន្ធអនឡាញនាពេលថ្មីៗនេះ អាចជាយុទ្ធសាស្រ្តមួយរបស់ទីក្រុងវ៉ាស៉ីនតោន ដែលធ្វើឡើងដោយចេតនាដើម្បីបញ្ឆោតប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ីលោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថា «វាប្រហែលជារឿងគួរឱ្យចាប់អារម្មណ៍មួយ ក្នុងការពិនិត្យមើលទៅលើឯកសារទាំងនេះ ហើយព្យាយាមកំណត់ថា តើពួកវាជាឯកសារពិតប្រាកដមែន ឬជាឯកសារក្លែងក្លាយ ឬមួយក៏ជាឯកសារដែលត្រូវបានធ្វើឱ្យបែកធ្លាយ ដោយចេតនា។ ដោយសារអាមេរិកជាភាគីមួយនៃសង្រ្គាមអ៊ុយក្រែន និងកំពុងតែធ្វើសង្រ្គាមកូនកាត់ប្រឆាំងមកលើយើង វាអាចទៅរួចដែលតិចនិចបែបនេះ កំពុងត្រូវប្រើប្រាស់ ដើម្បីបញ្ឆោតគូសត្រូវរបស់ពួកគេ គឺសហព័ន្ធរុស្ស៉ី»

គួរបញ្ជាក់ថា ក្នុងការបែកធ្លាយនោះ រួមមានទាំងព័ត៌មានសម្ងាត់របស់អាមេរិក ស្តីពីសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំង​ឈ្លានពានរបស់រុស្ស៉ី រួមជាមួយការលួចវាយតម្លៃនិងស៉ើបការណ៍ ទៅលើបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានដូចជាអ៉ីស្រាអែល កូរ៉េខាងត្បូង និងអ៊ុយក្រែន ជាដើម។ ក្នុងឯកសារមួយចំនួន ដែលពិនិត្យដោយ ទីភ្នាក់ងារព័ត៌មាន AFP និង Washington Post អាមេរិកមានក្តីបារម្ភអំពី​សមត្ថភាពអ៊ុយក្រែន ក្នុងការទប់ទល់នឹងការវាយប្រហាររបស់រុស្ស៉ី ហើយទីក្រុងវ៉ាស៉ីនតោនក៏បានបង្ហាញពីមន្ទិល ចំពោះភាពជោគជ័យនៃ​ផែនការប្រតិបត្តិការវាយបក ដែលអ៊ុយក្រែនកំពុងត្រៀមធ្វើឡើង នាពេលខាងមុខផងដែរ៕