(តៃប៉ិ)៖ នៅថ្ងៃពុធនេះ គណបក្សកាន់អំណាចនៅកោះតៃវ៉ាន់ បានប្រកាសជាផ្លូវការហើយ អំពីសមាសភាពនៃបេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំដែនកោះនេះ នៅឆ្នាំ២០២៤ខាងមុខ គឺលោក វីលៀម ឡៃ (William Lai) ដែលបច្ចុប្បន្ន​ជាមេដឹកនាំរងរបស់តៃវ៉ាន់ និងជាប្រធានបក្សកាន់អំណាចផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២​ ខែមេសា ឆ្នាំ២០២៣។

លោក ឡៃ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលទទួលបានការសម្រេចជ្រើសតាំងរបស់គណបក្ស DPP ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ នៅឆ្នាំ២០២៤ ក៏ដូចជាដើម្បីបន្តប្រកាន់ខ្ជាប់ នូវភារកិច្ចរក្សាការពារដែនកោះនេះ»។ ការប្រកាសនេះធ្វើឡើង នៅរយៈពេល២ថ្ងៃ បន្ទាប់ពីចិនទើបតែបិទបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់ ដែលបានមើលឃើញ យោធាចិនហាត់សមវាយប្រហារលើ គោលដៅនៅតៃវ៉ាន់ ព្រមទាំងហ្វឹកហាត់ការឡោមព័ទ្ធដើម្បីបិទខ្ទប់តៃវ៉ាន់។

គួរបញ្ជាក់ថា លោក ឡៃ ដែលមានអាយុ៦៣ឆ្នាំ គឺត្រូវបានគេមើលឃើញយូរដែរមកហើយថា ជាបុគ្គលលេចធ្លោជាងគេនៅក្នុងបក្ស DPP ដើម្បីបន្តវេនពីលោកស្រី សៃ អ៉ីងវិន ដែលនឹងមិនអាចឈរឈ្មោះម្តងទៀតឡើយ បន្ទាប់ពីអាណត្តិទី២ ក្នុងនាមជាមេដឹកនាំកោះតៃវ៉ាន់ របស់លោកស្រី ត្រូវបញ្ចប់ទៅនៅខែឧសភា ឆ្នាំក្រោយ។ កាលពីខែមករា ឆ្នាំនេះ ក្រោយឡើងកាន់តំណែងជាប្រធានគណបក្ស DPP លោក ឡៃ បានប្រកាសថា ការចុះញ៉មចំពោះការទាមទារអ្នកដទៃ មិនអាចទិញសន្តិភាពបានឡើយ ហើយបានទទូចឱ្យប្រជាជនតៃវ៉ាន់ រួមកម្លាំងសាមគ្គីគ្នា ដើម្បីការពារដែនកោះនេះពីចិន៕