(វ៉ាស៉ីនតោន)៖ លទ្ធផលស្ទង់មតិ ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា ម្នាក់ក្នុងចំណោមប្រជាជនអាមេរិកពេញវ័យ ៥នាក់ គឺមានសមាជិកគ្រួសារដែលត្រូវបានសម្លាប់ដោយកាំភ្លើង រាប់ទាំងការធ្វើអត្តឃាត ហើយអត្រាប្រហាក់ប្រហែលគ្នា ក៏បានអះអាងដែរថា ពួកគេផ្ទាល់ធ្លាប់រងការគំរាមកំហែងដោយកាំភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

របាយការណ៍របស់អង្គការស្រាវជ្រាវ KFF ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ បានរកឃើញថា អំពើហិង្សាពាក់ព័ន្ធ​កាំភ្លើង រួមមានទាំងករណីបាញ់ប្រហារស្លាប់និងរបួសមនុស្សច្រើន, ករណីអត្តឃាត និងឧបទ្ទវហេតុ គឺបានក្លាយជារឿងកើតមានឡើងយ៉ាង​ញឹកញាប់ជាខ្លាំង នៅក្នុងសហរដ្ឋអាមេរិក រហូតដល់ថ្នាក់៨៤ភាគរយនៃប្រជាជនអាមេរិកពេញវ័យ និយាយថា ពួកគេសុទ្ធតែបាននាំគ្នាចាត់វិធានការបង្ការ​ ដើម្បីការពារខ្លួនឯង ហើយនិងសមាជិកគ្រួសាររបស់ពួកគេ ពីគ្រោះថ្នាក់នៃការបាញ់ប្រហារដោយកាំភ្លើង។

លើសពីមួយភាគបីនៃអ្នកដែលបានចូលរួមស្ទង់មតិ បានឱ្យដឹងទៀតថា ពួកគេតែងតែចៀសវាងកន្លែងប្រមូលផ្តុំមនុស្សច្រើនៗ ដោយសារ​លទ្ធភាពនៃការផ្ទុះឡើង នូវអំពើហិង្សាដោយកាំភ្លើង ខណៈ២៩ភាគរយ បានទិញកាំភ្លើងដើម្បីទុកការពារខ្លួនឯងនិងគ្រួសារ។ ទិន្នន័យខាងលើនេះ ត្រូវបានបញ្ចេញត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយករណីបាញ់ប្រហារនៅធនាគារមួយកន្លែង ក្នុងរដ្ឋខេនថាក់គី (Kentucky) ដែលបានសម្លាប់​មនុស្ស៥នាក់។ យោងតាមអង្គការ KFF ប្រជាជនអាមេរិកពេញវ័យ៤១ភាគរយ រស់នៅក្នុងលំនៅឋានដែលមានវត្តមានកាំភ្លើង ហើយ​៤៤ភាគរយនៃលំនៅឋានទាំងនោះ គឺកាំភ្លើងមិនត្រូវបានរក្សាទុក នៅកន្លែងមានសុវត្ថិភាពត្រឹមត្រូវឡើយ។

គួរបញ្ជាក់ថា បើយោងតាមអង្គការ Gun Violence Archive វិញ គិតត្រឹមពេលនេះ មនុស្សសរុបចំនួន១១,៦៣១នាក់ហើយ បានស្លាប់ដោយសារកាំភ្លើង ក្នុងឆ្នាំ២០២៣នេះ នៅសហរដ្ឋអាមេរិក ក្នុងនោះ៤,៩៦៤ករណី ជាករណីឃាតកម្ម ករណីគ្រោះថ្នាក់ដៃដន្យ និងករណី​ប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួន ខណៈ៦,៦៦៦ករណី គឺជាករណីអត្តឃាត។ កាលពីក្នុងឆ្នាំ២០២២ អង្គការនេះបានអះអាងថា មនុស្សសរុប២០,២៤៩នាក់ បានស្លាប់ក្នុងករណីបាញ់ប្រហារដោយអចេតនា ករណីការពារខ្លួន និងករណីឃាតកម្ម ខណៈ២៤,០០០នាក់ បានប្រើកាំភ្លើងដើម្បីដើម្បីបាញ់សម្លាប់ខ្លួនឯង៕