(សេអ៊ូល)៖ ការលេចធ្លាយឯកសារសម្ងាត់របស់សហរដ្ឋអាមេរិកតាមបណ្តាញសង្គម បានបង្ហាញនូវឯកសារសម្ងាត់ជាច្រើនដែលសហរដ្ឋអាមេរិកធ្វើចារកម្មដាក់លើបណ្តាប្រទេសនានា ក្នុងនោះសូម្បីតែប្រទេសជាសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន ក៏សហរដ្ឋអាមេរិកមិនលើកលែងផងដែរ។ កិច្ចសន្ទនាជាសម្ងាត់មួយពាក់ព័ន្ធនឹងមន្ត្រីកូរ៉េខាងត្បូង ជុំវិញសម្ពាធរបស់សហរដ្ឋអាមេរិកដាក់មកលើរដ្ឋាភិបាលក្រុងសេអ៊ូល ដើម្បីរកការជួយផ្តល់អាវុធដល់អ៊ុយក្រែននោះ ក៏បានលេចធ្លាយតាមឯកសារសម្ងាត់របស់អាមេរិកនោះផងដែរ។ ការបែកធ្លាយនេះបានធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិកមានការព្រួយបារម្ភ ដោយភ័យខ្លាចថាព័ត៌មានទាំងអស់នោះអាចធ្វើឲ្យប៉ះពាល់ដល់ប្រភពព័ត៌មានរសើបៗ ហើយធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការបរទេសសំខាន់ៗផងដែរ។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ឯកសារទាំងនោះជាឯកសារពិត ហើយមានឯកសារខ្លះ បានបង្ហាញពីទំហំការងារដែលសហរដ្ឋអាមេរិកឈ្លបយកការណ៍លើប្រទេសសម្ព័ន្ធមិត្តសំខាន់ៗ ដូចជាកូរ៉េខាងត្បូង អ៊ីស្រាអែល និងអ៊ុយក្រែនផងដែរ។ ប៉ុន្តែឯកសារដែលបង្ហាញការស៊ើបអង្កេតសម្ងាត់របស់សហរដ្ឋអាមេរិក លើប្រទេសជាសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ត្រូវមន្ត្រីក្រុងសេអ៊ូលបានសម្តែងក្តីសោកស្តាយជាខ្លាំង។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងស្វែងរក "វិធានការសមស្រប" ពីសហរដ្ឋអាមេរិក ប្រសិនបើចាំបាច់បន្ទាប់ពីប្រទេសទាំងពីរពិនិត្យ មើលភាពត្រឹមត្រូវនៃឯកសារលេចធ្លាយដែលបង្ហាញពីការលួចស្តាប់របស់សហរដ្ឋអាមេរិកលើមន្ត្រីកូរ៉េខាងត្បូង។ យោងតាមរបាយការណ៍ពីកាសែត The New York Times និង The Washington Post ឯកសារលេចធ្លាយរបស់មន្ទីរបញ្ចកោណដែលត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា សេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានលួចស្តាប់ការសន្ទនានៅឯការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីដើមខែមីនា ទាក់ទងនឹងថាតើកូរ៉េខាងត្បូងនឹងត្រូវផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនដែរឬទេ?

មន្ត្រីម្នាក់ក្នុងការិយាល័យប្រធានាធិបតីកូរេខាងត្បូងបានប្រាប់អ្នកយកព័ត៌មានថា "នៅពេល ដែលប្រទេសទាំងពីរ នឹងបញ្ចប់ការស្វែងរកស្ថានភាពដែលជាប់ពាក់ព័ន្ធនេះយើយ យើងមាន គម្រោងស្នើសុំវិធានការសមស្របពីសហរដ្ឋអាមេរិក ប្រសិនបើចាំបាច់"។ មន្ត្រីកូរ៉េខាងត្បូង ដដែលបាននិយាយបន្តថា "ដំណើរការនោះនឹងត្រូវធ្វើដោយផ្អែកលើទំនាក់ទំនង នៃការទុកចិត្តគ្នាដែលបានបង្កើតឡើងរវាងប្រទេសទាំង២ជាសម្ព័ន្ធមិត្ត"។ ទោះជាយ៉ាងណាក្តី មន្ត្រីរូបនេះដដែល បានថ្លែងកត់សម្គាល់ថា របាយការណ៍ស្តីពីឯកសារលេចធ្លាយនោះ នៅមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ថាវាជាការពិតនៅឡើយនោះទេ និងថាការស៊ើបអង្កេតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតែដំណើរការ។ មន្ត្រីកូរ៉េខាងត្បូងដដែលបានចង្អុលបង្ហាញផងដែរ អំពីព័ត៌មានភាគច្រើនដែលមាននៅក្នុងឯកសារបញ្ជាក់នោះ គឺទាក់ទងទៅនឹងរឿងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយឯកសារខ្លះត្រូវសហរដ្ឋអាមេរិកសង្ស័យថា វាព័ត៌មានត្រូវបានប្រឌិត។

មន្ត្រីកូរេដដែលបាននិយាយថា "ប្រសិនបើមានកងកម្លាំងព្យាយាមបំផ្លើសនូវឧប្បត្តិហេតុនេះ នៅមុនកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ឬមានបំណងចង់ចង់បំផ្លាញសម្ព័ន្ធមិត្តនោះ, បំណងរបស់ពួកគេនោះ នឹងប្រឈមនឹងការប្រឆាំងពីមនុស្សជាច្រើន" ។ ការបញ្ជាក់ការសង្ស័យនេះ បានធ្វើឡើងខណៈដែលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរេខាងត្បូង លោក Yoon Suk Yeol គ្រោងនឹងធ្វើជាមួយនឹងប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃទី២៦ ខែមេសាខាងមុខនេះ។

ការលេចធ្លាយព័ត៌មានអំពីការធ្វើចារកម្មសម្ងាត់ដាក់លើសន្តិសុខជាតិកូរ៉េខាងត្បូងនេះ បានធ្វើឱ្យគណបក្សប្រជាធិបតេយ្យកូរេខាងត្បូងដែលជាគណបក្សប្រឆាំង បានសម្តែងការសោកស្តាយជាខ្លាំងសូម្បីតែសមាជិកនៅក្នុងរដ្ឋសភា។ លោក Moon Seong-Mook អតីតមន្ត្រីយោធាកូរ៉េខាងត្បូង បានថ្លែងថា វាមានលទ្ធភាពផ្សេងៗថាតើឯកសារលេចធ្លាយនេះមានការពិតឬមិនមានការពិត និងតើវាកើតដោយចៃដន្យ ឬត្រូវបានគេ Hack ចេញពីព័ត៌មានលាក់សម្ងាត់។ លោកថ្លែងថា គេត្រូវរង់ចាំមើលការពិតដែលភាគីកូរេខាងត្បូង និងសហរដ្ឋអាមេរិកពិនិត្យមើលនោះសិនទើបអាចដឹង ពីព្រោះលោកថាវាដូចជាមិនទំនងនោះឡើយដែលថា វាជាបំណងដែលសហរដ្ឋអាមេរិកនិងកូរេខាងត្បូងធ្វើរបៀបនេះ ដែលដូចជាការបំផ្លាញភាពទុកចិត្តគ្នារវាងប្រទេសទាំង២។ ក្រុមគណបក្សប្រជាធិបតេយ្យ បានចោទថាការលួចស្តាប់សម្លេងរបស់ចារកម្មអាមេរិកនោះ គឺដោយសារតែលទ្ធផលមកពីការផ្លាស់ប្តូរទីកន្លែងប្រញាប់ប្រញាល់ពេក នៃការិយាល័យរដ្ឋបាលលោក Yoon Suk Yeol ។ ប៉ុន្តែមន្ត្រីការិយាល័យប្រធានាធិបតីបានបដិសេធ។

មន្ត្រីកូរេខាងត្បូងដដែលបានថ្លែងថា «ទាក់ទងនឹងសន្តិសុខនៅអគារការិយាល័យប្រធានាធិបតី គេបានរៀបចំយ៉ាងល្អឥតខ្ចោះក្នុងអំឡុងពេលដំណើរការផ្លាស់ប្តូរទីកន្លែង»។ លោកបានបន្តថា បើទោះបីជាលោកមិនអាចបញ្ចេញព័ត៌មានលម្អិតក៏ដោយ ប៉ុន្តែគេនៅតែអនុវត្តការត្រួតពិនិត្យជាប្រចាំលើតំបន់ដែលគេបានព្រួយបារម្ភ ហើយរហូតមកទល់នឹងពេលនេះ គឺមិនមានបញ្ហាកើតឡើងនោះទេ។ មន្ត្រីដដែលរូបនោះ បានបន្តអះអាងថា អគារការិយាល័យប្រធានាធិបតីបច្ចុប្បន្នមានសុវត្ថិភាព ជាងអគារអតីតប្រធានាធិបតី Cheong Wa Dae ឬវិមានខៀវប្រធានាធិបតីចាស់នោះទៅទៀត ពីព្រោះបន្ទប់មួយនៅទីនោះ មានមួយផ្នែកបានលេចចេញមកពីក្រោមដី។ ព័ត៌មានដែលលេចធ្លាយតាមប្រព័ន្ធអនឡាញនោះ បានរៀបរាប់តាំងពីប្រព័ន្ធការការពារដែនអាកាសរបស់អ៊ុយក្រែន រហូតដល់អង្គការភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ដែលមន្ត្រីអាមេរិកកំពុងព្យាយាមស្វែងរកប្រភពដែលបណ្តាលឱ្យមានការលេចធ្លាយនោះ។

ប្រភពពីអ្នកជំនាញខ្លះបាននិយាយថា ការដែលមានការលេចធ្លាយឯកសារសម្ងាត់នោះ វាអាចចេញមកពីជាជនជាតិអាមេរិក ប៉ុន្តែក៏សង្ស័យដែរថា វាអាចមានតួអង្គដែលគាំទ្ររុស្ស៊ី ធ្វើឲ្យបែកធ្លាយនូវឯកសារទាំងនោះ។ ការលេចធ្លាយឯកសារទាំងនេះ ត្រូវគេរាយការណ៍ថាថែមទាំងបានបង្ហាញនូវគម្រោងការណ៍ របស់អ៊ុយក្រែនក្នុងការធ្វើសង្គ្រាមភាគខាងកើតប្រទេសផងទៀត។ គម្រោងការណ៍សម្ងាត់ដែលបានលាតត្រដាងអំពីបញ្ហានៅអ៊ុយក្រែននោះ រួមមានឯកសារនិយាយអំពីអ៊ុយក្រែនខ្វះ អាវុធគ្រាប់រំសេវ របៀបនៃវិធីប្រមូលឯកសារសម្ងាត់អាមេរិកប្រឆាំងនឹងរុស្ស៊ី និងបញ្ហាជាច្រើនថែមទៀត។ ឯកសារមួយក្នុងចំណោមឯកសារសម្ងាត់ ចុះថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៣ និងបានដាក់សញ្ញាសម្គាល់ថាជាសម្ងាត់នោះ បានគូសបញ្ជាក់យ៉ាងលម្អិតអំពីរបៀបដែលប្រព័ន្ធការពារដែនអាកាស S-300 សម័យសូវៀតរបស់អ៊ុយក្រែន នឹងត្រូវបំផ្លាញចោលនៅត្រឹមថ្ងៃទី២ ខែឧសភា យោងតាមអត្រាប្រើប្រាស់បច្ចុប្បន្ន។ គេនៅមិនដឹងច្បាស់ទេថា តើចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានផ្លាស់ប្តូរការប្រើប្រាស់មីស៊ីល S-300 នោះឬនៅ ឬថាតើស្តុកនៃអាវុធនោះត្រូវបានបំពេញបន្ថែមរួចហើយឬយ៉ាងណា ឬថាតើពេលនេះ អ៊ុយក្រែន កំពុងពឹងផ្អែកបន្ថែមលើប្រព័ន្ធប្រឆាំងយន្តហោះផ្សេងទៀតដែរឬយ៉ាងណានោះឡើយ។

ឯកសារសម្ងាត់ផ្សេងទៀត បានបង្ហាញពីកម្រិតដែលសហរដ្ឋអាមេរិកចូលជ្រៀតជ្រែកក្រសួងការពារជាតិរុស្ស៊ី និងអង្គភាពទាហានស៊ីឈ្នួលរបស់រុស្ស៊ី គឺក្រុម វែកន័រ ផងដែរ ។ ការឈ្លបយកការណ៍នោះភាគច្រើនធ្វើឡើង តាមរយៈការលបស្ដាប់ការប្រាស្រ័យទាក់ទងនិងប្រព័ន្ធព័ត៌មានពីមនុស្សផ្ទាល់ផងទៀត។ សារព័ត៌មានអាមេរិក បានរាយការណ៍ថា អ៊ុយក្រែនត្រូវបានបង្ខំចិត្តឲ្យកែប្រែផែនការយោធាមួយចំនួនរបស់ខ្លួន នៅមុនពេលការរៀបចំធ្វើការវាយប្រហារទ្រង់ទ្រាយធំក្នុងរដូវ Spring ដែលគេបានត្រៀមជាយូរមកហើយ។ ការកែប្រែផែនការនោះ ត្រូវគេបញ្ជាក់ថា គឺដោយសារតែការបែកធ្លាយ ឯកសារសម្ងាត់ជាច្រើនរបស់អាមេរិកទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែននោះ។ ប៉ុន្តែប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ទី១០ ខែមេសា បានបដិសេធ ជុំវិញសេចក្តីរាយការណ៍អំពីការបង្ខំចិត្តឲ្យកែប្រែផែនការយោធារបស់ខ្លួននោះ។ មន្ត្រីជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានថ្លែងថាគម្រោងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងគៀវ នៅរក្សាដដែលដោយមិនផ្លាស់ប្តូរឡើយ ប៉ុន្តែថាកលល្បិចពិសេសក្នុង ការប្រយុទ្ធគឺតែងតែមានការផ្លាស់ប្តូរជានិច្ច៕