(ញូដេលី)៖ ក្រុមមន្ត្រីបាននិយាយថា បុគ្គលិកកងទ័ពចំនួន ៤នាក់បានស្លាប់ហេតុការណ៍បាញ់ប្រហារមួយ នៅបន្ទាយយោធាមួយកន្លែង ក្នុងរដ្ឋពុនចាប់ (Punjab) ប្រទេសឥណ្ឌា កាលពីវេលាទាបភ្លឺថ្ងៃពុធនេះ ហើយជនសង្ស័យកំពុងស្ថិតក្រោមការស្វែងរកចាប់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

មន្រ្តីការពារជាតិម្នាក់បានប្រាប់ Reuters ដោយបដិសេធមិនបញ្ចេញឈ្មោះថា ខ្មាន់កាំភ្លើង ដែលមិនទាន់ច្បាស់មានគ្នាប៉ុន្មាននាក់ ​កំពុងស្ថិតក្នុងបន្ទាយយោធាបាធិនដា (Bathinda) ដែលជាកន្លែងកើតហេតុនៅឡើយ ហើយក៏មានគ្រាប់កាំភ្លើងជាប់ខ្លួនពួកគេផងដែរ។ ចំណែកមន្ត្រីប៉ូលីសជាន់ខ្ពស់មួយរូបនៅក្នុងរដ្ឋពុនចាប់ បានប្រាប់ថា ឧបទ្ទវហេតុនេះមិនមែនជាការវាយប្រហារភេរវកម្មទេ ហើយវាបានកើតឡើងនៅក្នុងអាហារដ្ឋានមួយ ក្នុងបន្ទាយយោធានោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងទ័ព បានគូសបញ្ជាក់ថា «ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤៖៣៥ទាបភ្លឺថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។ ពេលនេះក្រុមប្រតិកម្មរហ័សរបស់បន្ទាយយោធា កំពុងធ្វើសកម្មភាព ខណៈទីតាំងកើតហេតុត្រូវបានហ៊ុមព័ទ្ធ និងបិទជិត។ ប្រតិបត្តិការរុករកជនបង្កកំពុងប្រព្រឹត្តទៅ ស្របពេលព័ត៌មានលម្អិតបន្ថែម កំពុងត្រូវបានផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់»

គួរបញ្ជាក់ថា បន្ទាយយោធាខាងលើនេះ មានចម្ងាយប្រហែល ២៨០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងញូវដេលី គឺបម្រើជាមូលដ្ឋានទ័ពផង និងជាកន្លែងស្នាក់នៅរបស់គ្រួសារទាហានផង៕