(អូតាវ៉ា)៖ បន្ទាប់ពីបានជួបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនី ស្មីហែល (Denys Shmyhal) នៅក្នុងទីក្រុងតូរ៉ុនតូ (Toronto) លោកនាយករដ្ឋមន្ត្រី ចាស់ស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា នៅថ្ងៃអង្គាសប្តាហ៍នេះកាណាដា សម្រេចដាក់ទណ្ឌកម្មថ្មីជុំវិញការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ព្រមជាមួយការសន្យាគាំទ្រផ្នែកយោធាថ្មីទៀតសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

លោក ទ្រូដូ បាននិយាយថា កាណាដានឹងបញ្ជូនកាំភ្លើងវាយប្រហារចំនួន ២១,០០០ដើម កាំភ្លើងយន្តចំនួន ៣៨ដើម និងគ្រាប់ចំនួន ២,៤លានគ្រាប់ទៅកាន់អ៊ុយក្រែន ហើយនឹងដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីចំនួន ១៤នាក់ និង ៣៤អង្គភាព ដែលមានរួមកងកម្លាំងរបស់ក្រុមទាហានស៉ិឈ្នួល Wagner ផងដែរ។ ជាមួយគ្នានេះ កាណាដាក៏កំពុងដាក់ទណ្ឌកម្មលើអង្គភាព ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុបេឡារុសចំនួន ៩ ដើម្បីដាក់សម្ពាធបន្ថែមទៀតដល់អ្នកដែលយល់ព្រមឲ្យរុស្ស៉ី ប្រើប្រាស់ទឹកដីរបស់ខ្លួនបើកការវាយប្រហារ។ លោក ទ្រូដូ បានគូសបញ្ជាក់ថា «យើងនឹងបន្តគាំទ្រអ៊ុយក្រែននូវអ្វីគ្រប់យ៉ាង សម្រាប់ដរាបណាវានៅតែចាំបាច់»

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រទេសកាណាដាបានសន្យាផ្តល់ជំនួយជាង ៨ពាន់លានដុល្លារដល់អ៊ុយក្រែន ទាំងផ្នែកហិរញ្ញវត្ថុ យោធា មនុស្សធម៌ និងជំនួយផ្សេងទៀត៕