(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃពុធនេះបាននិយាយថា ដំណើរនៅបរទេសដែលរួមមានសហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានបង្ហាញពិភពលោកឲ្យឃើញពីការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ ក្នុងការការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បើទោះបីជាបានជំរុញឲ្យប្រទេសចិនរៀបចំសមយុទ្ធជុំវិញកោះតៃវ៉ាន់ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

ក្នុងពេលទទួលជួបក្រុមសមាជិកសភាកាណាដា នៅទីក្រុងតៃប៉ិ លោកស្រី សៃ បានគូសបញ្ជាក់ថា «ដំណើរនាពេលកន្លងទៅនេះ យើងបានផ្ញើសារជាថ្មីម្តងទៀតទៅកាន់សហគមន៍អន្តរជាតិថា តៃវ៉ាន់ប្តេជ្ញាការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដែលទទួលបានការទទួលស្គាល់ និងគាំទ្រពីដៃគូប្រជាធិបតេយ្យរបស់យើង»។

លោកស្រី សៃ បានបន្ថែមថា «ប្រឈមមុខនឹងការពង្រីកអំណាចផ្តាច់ការ វាកាន់តែមានសារៈសំខាន់ក្នុងការរួបរួមលើលទ្ធិប្រជាធិបតេយ្យ ហើយកាណាដាគឺជាដៃគូប្រជាធិបតេយ្យដ៏សំខាន់មួយ។ យើងមានឆន្ទៈធ្វើឲ្យអស់ពីសមត្ថភាពដើម្បីរួមគ្នាការពារតម្លៃនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យជាមួយកាណាដា ក៏ដូចជាដៃគូអន្តរជាតិដែលមានគំនិតដូចគ្នាផ្សេងទៀត»

គួរបញ្ជាក់ថា ក្រុមសមាជិកសភាកាណាដា ចំនួន១០រូបកំពុងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ចំពេលដែលយោធាចិននៅតែបន្តសកម្មភាពនៅជុំវិញដែនកោះនេះ ក្រោយបិទបញ្ចប់សមយុទ្ធរយៈពេល ៣ថ្ងៃ កាលពីដើមសប្តាហ៍៕