(វ៉ាស៉ីនតោន)៖ ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) និងប្រមុខការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានជជែកជាមួយសមភាគី អ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈទីក្រុងវ៉ាស៊ីនតោនព្យាយាមបន្សាបការព្រួយបារម្ភរបស់សម្ព័ន្ធមិត្ត បន្ទាប់ពីមានករណីបែកធ្លាយនូវឯកសារមានលក្ខណៈរសើបខ្លាំង តាមបណ្តាញអ៉ីនធឺណិត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

លោក ប្ល៊ីនខិន បានប្រាប់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «យើងបានសហការក្នុងកម្រិតខ្ពស់ជាមួយសម្ព័ន្ធមិត្ត ក៏ដូចជាដៃគូដ៏ទៃទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រួមទាំងធានាដល់ពួកគេអំពីការប្តេជ្ញាចិត្តរបស់យើង លើកិច្ចការស៉ើបការណ៍សម្ងាត់»

ក្នុងពេលសន្ទនាជាមួយ លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) ដែលជារដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ប្ល៊ីនខិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាមេរិកលើគាំទ្រ យូរអង្វែងសម្រាប់អ៊ុយក្រែន និងសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យភាពរបស់ខ្លួនផងដែរ។ ចំណែក លោក អូស្ទីន ក៏បានប្រាប់ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksiy Reznikov) ពីការផ្តោតលើកិច្ចការចំពោះមុខ ហើយជួយឲ្យអ៊ុយក្រែនបន្តទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ព័ត៌មានសម្ងាត់នៅក្នុងឯកសារដែលបានបែកធ្លាយនោះ មានមួយចំនួនមានរៀបរាប់អំពីផែនការប្រយុទ្ធរបស់អ៊ុយក្រែន ឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី រួមទាំង ការវាយតម្លៃនៃសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ បើតាមឯកសារដែល AFP រកឃើញបានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញសមត្ថភាពរបស់អ៊ុយក្រែនក្នុង ការបន្តប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ខណៈរបាយការណ៍មួយផ្សេងទៀតរបស់កាសែត Washington Post បានសម្តែងការសង្ស័យអំពីភាពជោគជ័យ នៃការវាយបកនាពេលខាងមុខរបស់កងកម្លាំងទីក្រុងកៀវ៕