(សេអ៊ូល)៖ កាសែតកូរ៉េខាងត្បូងមួយរាយការណ៍ នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែមីនាកន្លងទៅ ដើម្បីផ្តល់ឲ្យសហរដ្ឋអាមេរិក ខ្ចីគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រចំនួន ៥០០,០០០គ្រាប់ ដែលអាចផ្តល់ឲ្យទីក្រុងវ៉ាស៊ីនតោននូវភាពបត់បែនកាន់តែច្រើន ក្នុងការផ្គត់ផ្គង់គ្រាប់រំសេវសម្រាប់ជួយអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

ដោយដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ កាសែតដុងអា អ៉ីលបូ (DongA Ilbo) បានរាយការណ៍ថា កូរ៉េខាងត្បូងបានសម្រេចចិត្ត «ឲ្យខ្ចី» នូវគ្រាប់រំសេវនេះ ជំនួសឲ្យការលក់ ដើម្បីកាត់បន្ថយលទ្ធភាពនៃការប្រើគ្រាប់កាំភ្លើងធំរបស់កូរ៉េខាងត្បូង ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ គ្រាប់កាំភ្លើងដែលខ្ចីនេះ នឹងត្រូវប្រើប្រាស់ជាចម្បង ដោយសហរដ្ឋអាមេរិកដើម្បីបំពេញឃ្លាំងស្តុកអាវុធរបស់ខ្លួន។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា សម្ព័ន្ធមិត្តបាន និងកំពុងរិះរកមធ្យោបាយដើម្បីគាំទ្រអ៊ុយក្រែន ដើម្បីជួយការពារសេរីភាពរបស់ខ្លួន ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិត ពីកិច្ចពិភាក្សាឡើយ ខណៈក្រសួងការបរទេសអាមេរិក ក៏មិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗដែរ ជុំវិញសេចក្តីរាយការណ៍នេះ។

គួរបញ្ជាក់ថា ដោយបានទិញគ្រាប់កាំភ្លើងធំចំនួន ១០០,០០០គ្រាប់កាលពីឆ្នាំ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើសុំទិញចំនួនដូចគ្នា ឬច្រើនជាងនេះពីកូរ៉េខាងត្បូង នៅខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងបានស្វែងរកមធ្យោបាយមួយផ្សេងទៀត ដើម្បីផ្គត់ផ្គង់គ្រាប់រំសេវដល់សម្ព័ន្ធមិត្តរបស់ខ្លួន។

កន្លងមក ទាំងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានអះអាងថា ពួកគេកំពុងចរចារលើកិច្ចព្រមព្រៀងផ្គត់ផ្គង់កាំភ្លើងធំ ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការណាមួយថា តើកិច្ចព្រមព្រៀងណាមួយត្រូវបានបញ្ចប់ ឬយ៉ាងណានោះទេ៕