(ណៃពិដោ)៖ យោធាមីយ៉ាន់ម៉ា បានទទួលស្គាល់ថាខ្លួនពិតជាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើការិយាល័យរដ្ឋបាលមួយកន្លែង ស្ថិតនៅក្នុងតំបន់ សាហ្គាង (Sagaing) ដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៥០នាក់ ក្នុងនោះរួមមានទាំងស្ត្រី និងក្មេងសិស្សសាលាកំពុងរាំកម្សាន្តយ៉ាងសប្បាយរីករាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

ការទទួលស្គាល់ការវាយប្រហារខាងលើ ធ្វើឡើងដោយអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោក ហ្ស័រ មីន ទុន (Zaw Min Tun) ជាមួយការឱ្យដឹងថាកងកម្លាំងរដ្ឋាភិបាលបានវាយប្រហារ លើពិធីសម្ពោធការិយាល័យរដ្ឋបាលមួយ មានការចូលរួមពីសំណាក់ក្រុមអ្នកប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា នៅក្នុងភូមិ ប៉ា ហ្ស៉ី ជី (Pa Zi Gyi)។ អ្នកនាំពាក្យរូបនេះបានបន្ថែម ប្រាប់ AFP ទៀតថាមនុស្សមួយចំនួនដែលបានស្លាប់ គឺជាសមាជិកក្រុមឧទ្ទាមនៅក្នុងសម្លៀកបំពាក់ឯកសណ្ឋាន និងអ្នកខ្លះទៀតស្លៀកសម្លៀកបំពាក់ជាជនស៊ីវិល ហើយបានទម្លាក់ កំហុសលើគ្រាប់មីនបង្កប់ដោយចលនាកងកម្លាំងការពារប្រជាជន (People’s Defence Forces) បានបណ្ដាលឱ្យមនុស្សមួយចំនួនស្លាប់។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា ធ្វើឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយក្នុងយន្ដហោះចម្បាំង បានទម្លាក់គ្រាប់បែកលើអគាររដ្ឋបាលមួយ រីឯឧទ្ធម្ភាគចក្របានបើកការបាញ់រះបន្ថែមលើហ្វូងមនុស្សដែលប្រមូលផ្ដុំគ្នាសម្ពោធអគាររដ្ឋបាលនេះ។ ចំណែកឯ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដែលបានផ្ដាច់ជិវិតមនុស្សច្រើនបំផុតចាប់តាំងពីមានរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១មក៕