(ម៉ាឌ្រីដ)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអេស្ប៉ាញ លោកស្រី ណាឌីយ៉ា ខាល់វីណូ (Nadia Calvino) បាននិយាយថាអឺរ៉ុបមិនអាចអើពើ ចំពោះតួនាទីរបស់ចិនក្នុងនាមជាដៃគូពាណិជ្ជកម្ម និងជាតួអង្គភូមិសាស្ត្រនយោបាយដ៏សំខាន់ ដែលអាចនឹងជួយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឬក៏ផ្ដល់ការបន្ធូរបន្ថយបំណុលសម្រាប់បណ្ដាប្រទេសក្រីក្រ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

លោកស្រី ខាល់វីណូ ធ្វើការកត់សម្គាល់ខាងលើ នៅឯវេទិការបស់វិទ្យាស្ថាន Atlantic Council ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោកស្រី រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាយើងមិនអាចបែរខ្នងដាក់ចិន ឬក៏ព្យាយាមអើពើពីចិនបាននោះទេ។ យើងមានផលប្រយោជន៍រួម ហើយខ្ញុំគិតថាពួកគេ (ចិន) អាចចូលរួមប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងអាចជួយបញ្ចៀសភាពផុយស្រួលនៃទីផ្សារ សាកល កុំឱ្យគ្រប់គ្នាត្រូវចាញ់ទាំងអស់គ្នា»

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោកស្រី ណាឌីយ៉ា ខាល់វីណូ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក ម៉ាក្រុង​ បាននិយាយដែរថាអឺរ៉ុបគួរតែចំណាយពេលដើម្បី ពង្រឹងជំហររបស់ខ្លួនជាមហាអំណាចប៉ូលទី៣ នៅចន្លោះរវាងសហរដ្ឋអាមេរិក និងចិន។ តែការលើកឡើងនេះទទួលរងការរិះគន់ពីសម្ព័ន្ធមិត្តមួយចំនួនដែលយល់ថាបារាំង ហាក់ដូចជាមានជំហរទន់ភ្លន់ពេកចំពោះចិន៕