(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ពីករណីស្រ្តីម្នាក់បានស្លាប់ ដោយសារជំងឺផ្ដាសាយបក្សី H3N8 ដែលនេះជាករណី មនុស្សស្លាប់ដោយជំងឺនេះដំបូងគេបង្អស់នៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

កាលពីខែមេសា និងខែឧសភា ឆ្នាំ២០២២ ចិនបានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្ដាសាយបក្សី H3N8 លើមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសរបស់ខ្លួន ចំនួន២ករណី តែមិនបានបណ្ដាលឱ្យអ្នកជំងឺស្លាប់នោះទេ។ បើតាម WHO ស្ត្រីម្នាក់ខាងលើដែលបានស្លាប់ មានអាយុយ ៥៦ឆ្នាំ រស់នៅក្នុងខេត្តក្វាងទុង (Guangdong) ស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន។

ស្ត្រីរូបនេះបានធ្លាក់ខ្លួនឈឺ កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ និងបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយមានអាការៈរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ នៅថ្ងៃ៣ ខែមីនា ហើយបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមីនា។

គួរបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី H3N8 ត្រូវបានគេដឹងថា បានឆ្លងរាតត្បាត ចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ បន្ទាប់ពីបានលេចចេញជាលើកដំបូង នៅក្នុងហ្វូងសត្វបក្សីទឹក នៅតំបន់អាមេរិកខាងជើង។ វាត្រូវបានគេដឹងថា បានឆ្លងរីករាលដាលលើសត្វដូចជា សេះ ឆ្កែ និងឆ្មាទឹក៕