(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំងអំពីសមត្ថភាពអ៊ុយក្រែន ដើម្បីសម្រេចបាននូវជោគជ័យនៅក្នុងប្រតិបត្តិការវាយបក នៅប៉ុន្មានខែខាងមុខ រួមទាំង សមត្ថភាពរបស់ទីក្រុងកៀវ ក្នុងការទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការត្រួតពិនិត្យលើឯកសារសម្ងាត់យោធាអាមេរិកដែលបានបែកធ្លាយ និងត្រូវបានគេបង្ហោះលើបណ្ដាញ ទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ។ អ៊ុយក្រែន ត្រូវបានគេរំពឹងថាអាចនឹងបើកប្រតិបត្តិការវាយបកប្រឆាំងនឹងរុស្ស៉ី នៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែឯកសារមួយនៅក្នុងចំណោម ឯកសារយោធាអាមេរិកដែលបានបែកធ្លាយ បាននិយាយថាខណៈរុស្ស៉ីកំពុងពង្រឹងទីតាំងការពារ រីឯអ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតការបណ្ដុះបណ្ដាល និងគ្រាប់រំសេវ នោះវានឹងពិបាកក្នុងការសម្រេចបាននូវភាពរីកចម្រើន ព្រមទាំងអាចបង្កឱ្យមានអ្នកស្លាប់ និងរបួសច្រើន កំលុងប្រតិបត្តិការវាយបក។

គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បាន និងកំពុងជួយពង្រឹងសមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន តាមរយៈការផ្ដល់នូវ ប្រព័ន្ធអាវុធទំនើបៗ និងស៊េរីចាស់ៗ ដើម្បីបង្កើតជាប្រព័ន្ធខែលការពាររួមមានប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ី។ តែបើតាមឯកសារបែកធ្លាយ ប្រព័ន្ធការពារដែន អាកាសអ៊ុយក្រែនសល់ពីសម័យសូវៀត អាចនឹងអស់គ្រាប់រំសេវនៅខែឧសភាខាងមុខ៕