(តៃប៉ិ)៖ មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថាមានគំនិតទុទ្ទិដ្ឋិ​និយមកាន់តែច្រើន ចំពោះទិសដៅនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងចំណោម ក្រុមអ្នកបង្កើតគោលនយោបាយ និងអ្នកវិភាគនៅក្នុងប្រទេសទាំង២ រួមទាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។ មួយផែ្នកធំនៃការកើនឡើងគំនិតទុទ្ទិដ្ឋិ​និយមនេះ ត្រូវបានឆ្លុះបញ្ចំាងដោយព្រឹត្តិការណ៍ជាច្រើន ដែលបានកើតឡើងនាពេលថ្មីនេះ។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានឯកភាពនៅឯកិច្ចប្រជុំកំពូលនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថានឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន ឱ្យទៅបំពេញទស្សនកិច្ចក្នុងទីក្រុងប៉េកាំង ដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចទាំង២មានស្ថិរភាព និងអាចព្យាករបាន។ ប៉ុន្តែ ដំណើរទស្សនកិច្ចរបស់លោក ប៊ី្លនខិនស្រាប់តែត្រូវបានលុបចោលភ្លាមៗ នៅពេលយោធាអាមេរិករាយការណ៍ពីវត្តមានបាឡុងស៊ើបការណ៍របស់ចិននៅក្នុងដែនអាកាសអាមេរិក។

ចាប់តាំងពីពេលនោះមក ទាំងទីក្រុងវ៉ាស៊ីនតោ​​ន និងទីក្រុងប៉េកាំង បានផ្លាស់ប្ដូរការផ្ដោតរៀងខ្លួនៗចេញពីឆ្ងាយពីការស្វែងរកមធ្យោបាយគ្រប់គ្រងទំនាក់ទំនងទ្វេភាគី ហើយងាកទៅរកការពង្រឹងសមត្ថភាពខ្លួនឯង សម្រាប់ការប្រកួតប្រជែងរយៈពេលវែង។ ជាឧទាហរណ៍៖ លោក ចូ បៃដិន បានសាទរដល់ភាពរីកចម្រើននៅក្នុងសម្ព័ន្ធភាពត្រី ភាគីអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ឬហៅកាត់ថា AUKUS ថាជាការបោះជំហានមួយយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យមហិច្ឆតារបស់ចិន ដែលចង់កាន់កាប់តំបន់ ឥណ្ឌូប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិក និងប្រទេសជាដៃគូមួយចំនួនថែមទាំងបានរឹតត្បិតមិនឱ្យចិនទទួលបានបច្ចេកវិទ្យាកម្រិតខ្ពស់ដែលអាចប្រើបានទាំងវិស័យស៊ីវិល និងយោធា ជាពិសេសគឺបន្ទះឈីបតែម្ដងទៀតផង។ មិនតែប៉ុណ្ណោះ ហ្វីលីពីន ក៏បានយល់ព្រមឱ្យយោធាអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនចំនួន៤ បន្ថែមផងដែរ រីឯកូរ៉េខាងត្បូង និងជប៉ុនបានឈានដល់ការផ្សះផ្សាជម្លោះប្រវត្តិសាស្ត្រដែលទាំងនេះសុទ្ធតែផ្ដល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។ ដោយឡែក នៅឯទីក្រុងវ៉ាស៊ីនតោន ក្រុមអ្នកតំណាងរាស្ត្រមកពីសភាទាំង២របស់សហរដ្ឋអាមេរិកកាន់តែមានការឯកភាពគ្នាខ្លាំងឡើងៗ ពាក់ព័ន្ធនឹងការទប់ស្កាត់ការកើនឡើងឥទ្ធិពលចិន។

ព្រមពេលជាមួយគ្នា លោក ស៊ី ជិនពីង បានបន្ទោសសហរដ្ឋអាមេរិកថាកំពុងប្រមូលសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីគ្រប់គ្រង ឡោមព័ទ្ធ និងគាបសង្កត់លើចិន រហូតដល់ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ចេញមុខព្រមានថាសហរដ្ឋអាមេរិកគួរតែបញ្ឈប់ទង្វើទាំងអស់នេះ ប្រសិនបើចង់បញ្ចៀសជម្លោះ និងសង្រ្គាមជាមួយចិន។ ទីក្រុងប៉េកាំងមិនបាននិយាយតែមាត់ទេ ក្នុងការប្រឈមមុខជាមួយសហរដ្ឋអាមេរិក។ លោក ស៊ី ជិនពីង ថ្មីៗនេះបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ក្នុងបេសកកម្ម ពង្រឹងទំនាក់ទំនងជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីរួមគ្នាប្រជែងជាមួយសណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយលោកខាងលិច។ ទីក្រុងប៉េកាំងក៏កំពុងព្យាយាម ធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុប មានភាពរកាំរកូស តាមរយៈការប្រើប្រាស់ដំណើរទស្សនកិច្ចរបស់មេដឹកនាំបារាំង អេស្ប៉ាញ និងអ៉ីតាលី ក្នុងការជំរុញឱ្យលើកទឹកចិត្ត ដល់យុទ្ធសាស្ត្រស្វ័យភាពរបស់អឺរ៉ុប កុំឱ្យដើរតាមអាមេរិកគ្រប់រឿង។

ក្រៅពីនេះ ចិន បាន និងកំពុងប្រឹងប្រែងបង្ហាញឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍មើលឃើញថាខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាមេដឹកនាំដែលគោរពដល់គំរូដឹកនាំ និងការរីកចម្រើននៃបណ្ដាប្រទេសដទៃ ផ្ទុយពីសហរដ្ឋអាមេរិកដែលជាប្រទេស «អនុត្តរភាពនិយម»។ ការលើកមុខមាត់ចិននៅលើ ឆាកអន្តរជាតិ បានបង្ហញកាន់តែច្បាស់ នៅក្រោយពេលដែលអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់យល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពក្រោមការសម្របសម្រួលពីចិន។ និយាយមួយបែបទៀត នេះបានបង្ហាញថាសហរដ្ឋអាមេរិក និងចិន កំពុងដើរចេញកាន់តែឆ្ងាយពីកិច្ចសហប្រតិបត្តិការ និងមើលឃើញគ្នាជាគូសត្រូវកាន់តែខ្លាំង ខណៈទិសដៅនេះកំពុងបង្កឱ្យ មានការចោទសួរថាតើទំនាក់ទំនងរវាងអាមេរិក និងចិន អាចឆ្លងផុតគ្រោះមហន្តរាយបានដែរឬទេ? ឆ្លងផុតគ្រោះមហន្តរាយនៅត្រង់នេះមានន័យ ២ម្យ៉ាង៖ នោះគឺម្យ៉ាង សហរដ្ឋអាមេរិក និងចិន កំពុងប្រជែងឥទ្ធិពលគ្នាក្នុងយុគសម័យសង្រ្គាមត្រជាក់ថ្មីមួយ ហើយម្យ៉ាងទៀត គឺហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយយោធា ឬក៏ផ្ទុះសង្រ្គាម នឹងគ្នា។

តែទោះជាបែបនេះក្ដី វាហាក់ដូចជាលឿនពេកក្នុងការធ្វើការសន្និដ្ឋានជាចុងក្រោយថាទំនាក់ទំនងរវាងមហាអំណាចទាំង២ ដល់ចំណុចមិនបកក្រោយវិញបាន ដ្បិតមានហេតុផល មួយចំនួន ដែលគាំទ្រដល់ទស្សនៈនេះ។ ទីមួយ៖ ផ្ទុយពីសម័យសង្រ្គាមត្រជាក់រវាងអាមេរិក និងសូវៀត សហរដ្ឋអាមេរិក និងចិន មិនមែនកំពុងដឹកនាំប្រព័ន្ធ ឬក៏បានពុះចែក ពិភពលោកជា២ ប្លុក ដើម្បីប្រកួតប្រជែងដណ្ដើមអំណាចគ្នានោះទេ។ ផ្ទុយទៅវិញ ទាំងអាមេរិក និងចិនកំពុងប្រកួតប្រជែងគ្នានៅក្នុងប្រព័ន្ធតែមួយ និងមានការពឹងផ្អែកគ្នាទៅវិញ ទៅមក។ ក្នុងពេលដែលសហរដ្ឋអាមេរិក កំពុងប្រមូលកម្លាំងសម្ព័ន្ធមិត្តពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់សកល ហើយទីក្រុងប៉េកាំងបាន និងកំពុងជំរុញយុទ្ធសាស្ត្រពឹងផ្អែកលើខ្លួនដើម្បី កាត់បន្ថយការពឹងផ្អែកលើលោកខាងលិច វាមិនមានការជជែកដេញដោលប្រាកដប្រជាណាមួយលើគោលនយោបាយក្នុងប្រទេសទាំង២ ស្ដីពីការផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចនឹងគ្នា ទាំងស្រុងនោះឡើយ។

ទី២៖ ទាំងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង ត្រូវបានគេមើលឃើញថាសុទ្ធតែជឿជាក់ថាបច្ចុប្បន្ន វាមិនមែនជាពេលវេលា ឬឱកាសល្អសម្រាប់ការប្រឈមមុខដាក់គ្នា ឬមាន ជម្លោះនឹងគ្នានោះដែរ។ ពោលគឺមេដឹកនាំទាំង២ រំពឹងថាប្រទេសរបស់ខ្លួនអាចនឹងស្ថិតនៅលើជំហរដ៏រឹងមាំមួយ នៅពេលអនាគត ដើម្បីអាចតស៊ូប្រឈមនឹងការប្រឈមមុខដាក់គ្នា ឬជម្លោះដែលអាចកើតមាន។ នៅក្រោមហេតុផលបែបនេះ អាមេរិក និងចិនអាចនឹងព្យាយាមគ្រប់គ្រងការប្រកួតប្រជែង នៅក្នុងមធ្យោបាយដែលអាចកាត់បន្ថយហានិភ័យ នៃការផ្ទុះជម្លោះ។

ទី៣៖ ខណៈវាអាចទៅរួចថាមានកើនឡើងនូវគំនិតប្រឆាំងគ្នាទៅវិញទៅមក នៅក្នុងចំណោមប្រជាជននៃប្រទេសទាំង២ក៏ពិតមែន តែមិនមានគំនិតគាំទ្រឱ្យដោះស្រាយ ការខ្វែង គំនិតគ្នានៅលើសមរភូមិឡើយ។ មេដឹកនាំអាមេរិក និងចិន ក៏នៅតែជឿជាក់ដែរលើការពិត ដែលថាសង្រ្គាមអាចនឹងបំផ្លាញអ្វីៗគ្រប់យ៉ាង។

កត្តាសំខាន់ទាំង៣នេះ ត្រូវបានបង្ហាញរួចហើយចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក ហើយទាំងលោក បៃដិន និងលោក ស៊ី ជិនពីង មាន ឆន្ទៈបន្ធូរបន្ថយភាពតានតឹង នៅពេលដែលទំនាក់ទំនងរវាងប្រទេសឡើងកម្ដៅខ្លាំងម្ដងៗ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ ដូច្នេះថាលំនាំរបៀបនេះនឹងនៅតែបន្តយ៉ាងហោច រហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ សហរដ្ឋអាមេរិកអាចនឹងនៅតែបន្តការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយតៃវ៉ាន់ និងជួយពង្រឹងសមត្ថភាពរារាំង សង្រ្គាមរបស់តៃវ៉ាន់ ប៉ុន្តែ នឹងធ្វើវាក្រោមវិធីដែលស្របទៅនឹងគោលនយោបាយយូរអង្វែងមកហើយ និងអាចគ្រប់គ្រងហានិភ័យផ្ទុះជម្លោះ។ ចំណែកឯ ចិនវិញ ចិននឹងផ្ដោតជា សំខាន់លើការបោះឆ្នោតសកលតៃវ៉ាន់នៅឆ្នាំ២០២៤ ព្រមទាំងស្វែងរកវិធីថាតើពួកគេត្រូវលេងល្បែងបែបណាក្នុងការបោះឆ្នោតនេះ៕