(រ៉ង់ហ្គូន)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ និងសមាជិកនៃចលនាតស៊ូក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ត្រូវបានសម្លាប់ នៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ នៅក្នុងការវាយប្រហារតាមអាកាសដោយយោធាលើព្រឹត្តិការណ៍មួយ ដែលមានការចូលរួមដោយក្រុមប្រឆាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

ដោយ​ដកស្រង់សម្តី​អ្នកស្រុក​នៅ​ស្រុក Sagaing សារព័ត៌មាន BBC ភូមា និង​គេហទំព័រ​ព័ត៌មាន Irrawaddy បាន​រាយការណ៍​ថា មនុស្ស​ចន្លោះ​ពី ៥០ ទៅ ១០០ នាក់ រួម​ទាំង​ជន​ស៊ីវិល​ផង​ដែរ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​នោះ។

ទោះយ៉ាងណាទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ភ្លាមៗបានទេ ហើយអ្នកនាំពាក្យរបស់យោធាដែលកំពុងកាន់អំណាច ក៏មិនបានឆ្លើយការហៅទូរស័ព្ទសម្រាប់ការស្វែងរកការអត្ថាធិប្បាយដែរ។

ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះភាពចលាចលចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ នៅពេលដែលកងទ័ពនៃជនជាតិភាគតិច និងអ្នកតស៊ូបានបើកការវាយប្រហារប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។​ ប៉ុន្តែយោធាបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស និងអាវុធធុនធ្ងន់ រួមទាំងនៅក្នុងតំបន់ស៊ីវិលផងដែរ។

សមាជិកម្នាក់នៃកងកម្លាំងការពារប្រជាជនក្នុងតំបន់ (PDF) ដែលជាកងជីវពលប្រឆាំងរបបយោធាបាននិយាយថា យន្តហោះចម្បាំងបានបើកការបាញ់ទៅលើពិធីមួយ ដែលធ្វើឡើងដើម្បីបើកការិយាល័យក្នុងតំបន់របស់ពួកគេ។ សមាជិករូបនេះបានគូសបញ្ជាក់ថា រហូត​មក​ដល់​ពេល​នេះ​ចំនួន​ពិត​ប្រាកដ​នៃ​អ្នក​ស្លាប់​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

គួរបញ្ជាក់ថា បើយោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១.២លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នាក្រោយរដ្ឋប្រហារ។

ហេតុការណ៍នៅថ្ងៃអង្គារនេះ អាចជាការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវបំផុតមួយ ចាប់តាំងពីយន្តហោះរបស់យោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកលើការប្រគុំតន្ត្រីមួយកាលពីខែតុលា ដោយបានសម្លាប់ជនស៊ីវិល តារាចម្រៀងក្នុងស្រុក និងសមាជិកក្រុមជនជាតិភាគតិចប្រដាប់អាវុធយ៉ាងហោចណាស់ ៥០នាក់នៅក្នុងរដ្ឋ Kachin៕