(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ នៅថ្ងៃអង្គារនេះ បាននិយាយថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក គឺជាមូលដ្ឋានគ្រឹះចម្បងបំផុតនៃ​សន្តិសុខរបស់អឺរ៉ុប បន្ទាប់ពីការធ្វើអត្ថាធិប្បាយយ៉ាងចម្រូងចម្រាស របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ពាក់ព័ន្ធទៅនឹងចំណងទាក់ទងរបស់អឺរ៉ុប ជាមួយសហរដ្ឋអាមេរិកហើយនិងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

មុនឡើងយន្តហោះដើម្បីចេញទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីប៉ូឡូញ​ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវីស្គី (Mateusz Morawiecki) បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក គឺជាមូលដ្ឋានគ្រឹះចម្បងបំផុតនៃសន្តិសុខរបស់យើង ដោយឈរលើសសរស្តម្ភពីរ គឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យការពារជាតិ»។ លោក ម៉ូរ៉ាវីស្គី បានបន្ថែមទៀតថា នៅពេលប្រទេសលោកទទួលតំណែងជា ប្រធានសហភាពអឺរ៉ុបនៅឆ្នាំ២០២៥ ប៉ូឡូញនឹងផ្តោតអាទិភាពចម្បង ទៅលើភាពជាដៃគូជាមួយ​ទីក្រុងវ៉ាស៉ីនតោន។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្រ្តីប៉ូឡូញ ក៏បានលើកឡើងផងដែរថា «មេដឹកនាំលោកខាងលិចខ្លះ ស្រមៃចង់បង្កើតកិច្ចសហប្រតិបត្តិការ​ជាមួយគ្រប់គ្នា គឺទាំងជាមួយរុស្ស៉ីនិងជាមួយមហាអំណាចមួយចំនួន នៅឯចុងបូព៌ាជាដើម» ប៉ុន្តែមិនបាននិយាយឈ្មោះចំៗ របស់​មេដឹកនាំទាំងនោះឡើយ។

គួរបញ្ជាក់ថា យ៉ាងណាក្តី ការធ្វើអត្ថាធិប្បាយរបស់លោក ម៉ាតេអ៊ូស កើតមានឡើង បន្ទាប់ពីភាពចម្រូងចម្រាស ដែលបង្កឡើងសម្តីលោក ម៉ាក្រុង ដែលទើបត្រឡប់មកពីបំពេញទស្សនកិច្ចនៅចិនថ្មីៗ ដោយលោកប្រធានាធិបតីបារាំង បាននិយាយថា អឺរ៉ុបចាំបាច់មិនត្រូវក្លាយជា អ្នកដើរតាមគេឡើយជុំវិញបញ្ហា​កោះតៃវ៉ាន់ ហើយគួរអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាប៉ូលអំណាចទី៣ ដាច់ដោយឡែកពីសហរដ្ឋអាមេរិកនិងចិន៕