(ប៉េកាំង)៖ ថ្ងៃទី១០ ខែមេសា ជាថ្ងៃគម្រប់មួយខែគត់នៃកិច្ចសន្ទនារវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់នៅក្រុងប៉េកាំង ។ ក្នុងរយៈពេលមួយខែកន្លងទៅនេះ សឹងតែរាល់ថ្ងៃសុទ្ធតែមានដំណឹងល្អ និងការវិវឌ្ឍថ្មីដែលមកពីតំបន់មជ្ឈិមបូព៌ា “ចរន្តផ្សះផ្សា”នៅតំបន់មជ្ឈិមបូព៌ាត្រូវបានពន្លឿនជំហានទៅមុខ ។

កាលពីថ្ងៃទី៨ខែមេសាតាមម៉ោងក្នុងតំបន់ គណៈប្រតិភូការទូតអារ៉ាប៊ីសាអ៊ូឌីតទៅដល់ក្រុងតេហេរ៉ង់ រដ្ឋធានីប្រទេសអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការងារលម្អិតនៃការបើកស្ថានទូត និងស្ថានកុងស៊ុលជាថ្មីឡើងវិញរបស់ភាគីទាំងពីរ ។ ប្រទេសទាំងពីរអារ៉ាប៊ីសាអ៊ូឌីតនិងអ៊ីរ៉ង់ធ្វើតាម “ផែនទីបង្ហាញផ្លូវ” និង“តារាងពេលវេលា”នៃកិច្ចសន្ទនាក្រុងប៉េកាំង បោះជំហានទៅមុខឥតឈប់ឈរលើផ្លូវសម្របសម្រួលទំនាក់ទំនង ក៏ដូចជាបង្ហាញពីភាពស្មោះត្រង់ ក្នុងការផ្សះផ្សាតាមរយៈប្រតិបត្តិការជាក់ស្តែង ។

បច្ចុប្បន្ននេះ អារ៉ាប៊ីសាអ៊ូឌីតនិងអ៊ីរ៉ង់មានទំនាក់ទំនងជាប្រក្រតីឡើងវិញ ក្រោមការជំរុញការចរចាសន្តិភាពរបស់ភាគីចិន ដែលបានផ្តល់គំរូដ៏សំខាន់ដល់ប្រទេសក្នុងតំបន់សម្រាប់ ដោះស្រាយការវិវាទតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ។ ឧទាហរណ៍ដូចជា ស្ថានការណ៍របស់ប្រទេសយេម៉ែន ។ កាលពីថ្ងៃទី៨ខែមេសា គណៈប្រតិភូរបស់អារ៉ាប៊ីសាអ៊ូឌីតនិងអូម៉ង់ បានទៅដល់ក្រុងសាណា រដ្ឋធានីយេម៉ែន ដើម្បីធ្វើការចរចាឈប់បាញ់គ្នា ជាមួយកងកម្លាំងប្រដាប់អាវុធ Houthi តាមការគ្រោងទុក ។ ប្រសិនបើអាចទទួលបានការវិវឌ្ឍជាក់ស្តែង នោះនឹងក្លាយជាគំរូដ៏ជោគជ័យមួយទៀតនៃការដោះ ស្រាយការវិវាទផ្ទៃក្នុងដោយ ម្ចាស់ការតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សារបស់ប្រទេសមជ្ឈិមបូព៌ា ។

បើមើលពីការប្រាស្រ័យទាក់ទងរវាងស៊ីរីនិងប្រទេសអារ៉ាប់អាចឃើញថា នៅខែមុន អារ៉ាប៊ីសាអ៊ូឌីតនិងស៊ីរីបានឈានដល់គំនិតឯកភាពគ្នា អំពីការបើកស្ថានទូតប្រទេសទាំងពីរជាថ្មីឡើងវិញ ។ សញ្ញាវិជ្ជមានមួយគឺ ប្រធានាធិបតីអេមីរ៉ាអារ៉ាប់រួមបានថ្លែងយ៉ាងជាក់លាក់ នៅពេលជួបសន្ទនាជាមួយលោក Bashar al-Assad ប្រធានាធិបតីស៊ីរីដែលទៅបំពេញទស្សនកិច្ច នៅអេមីរ៉ាអារ៉ាប់រួមនៅខែមុនថា ដល់ពេលដែលទទួលអ្នកទាំងអស់គ្នាមកវិញ ឱ្យអ្នកទាំងអស់គ្នាវិលត្រឡប់ទៅប្រទេសអារ៉ាប់វិញ ។

ក្រៅពីនេះ ក៏មានការប្រសើរឡើងវិញ នៃទំនាក់ទំនងរវាងតួកគីនិងអេហ្ស៊ីបផងដែរ ។ ភាគីទាំងពីរបានប្រកាសថា នឹងរៀបចំឡើងវិញនូវទំនាក់ទំនងទ្វេភាគីឡើង ដល់ថ្នាក់ឯកអគ្គរដ្ឋទូតក្នុងរយៈពេលដ៏សមរម្យ ។

បើមើលពីផ្ទៃក្នុង ប្រជាជនមជ្ឈិមបូព៌ាបានរងទុក្ខវេទនា ពីសង្គ្រាមយូរណាស់មកហើយ ពោលគឺរំពឹងចង់បានសន្តិភាពជាយូរមកហើយ ។ ហើយបើមើលពីផ្នែកខាងក្រៅ ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានពន្លឿន “ការដកខ្លួនចេញ”ពីមជ្ឈិមបូព៌ា ដើម្បីបន្តផ្តោតការយកចិត្តទុកដាក់និងធនធានទៅលើអាស៊ីប៉ាស៊ីហ្វិក ។ ព្រមពេលជាមួយគ្នានេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏បានផ្តល់ការព្រមានដល់ប្រទេសមជ្ឈិមបូព៌ាថា ចាំបាច់ត្រូវបម្រះខ្លួនឱ្យចេញពីការជ្រៀតជ្រែកនៃបរទេស បង្កើនការធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា ដើម្បីក្តាប់ជាប់អនាគតនិងវាសនារបស់មជ្ឈិមបូព៌ាក្នុងដៃរបស់ខ្លួន ។

ក្នុងដំណើរការនេះ គោលជំហរដ៏យុត្តិធម៌របស់ភាគីចិនដែលមិនលំអៀងទៅលើអ្នកណា មិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបង្កើតក្រុមសម្ព័ន្ធតូចៗ ទទួលបានការជឿទុកចិត្តពីប្រទេសមជ្ឈិមបូព៌ា ។ ជាការពិតជាក់ស្តែង តំបន់មជ្ឈិមបូព៌ាមានទំនាស់ដ៏ស្មុគ្រស្មាញ ជាយូរណាស់មកហើយ ដូច្នេះដំណើរផ្សះផ្សាមិនអាចប្រព្រឹត្តទៅដោយរលូនឡើយ។ ក្នុងរយៈពេលមួយខែកន្លងទៅនេះ សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកទៅលើ សំណង់យោធាអ៊ីរ៉ង់ក្នុងដែនស៊ីរី ចាត់បញ្ជូនលោក Willian Burns ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីតដោយ សម្ងាត់ហើយដាក់សម្ពាធទៅលើអារ៉ាប៊ីសាអ៊ូឌីត និងដាក់ពង្រាយនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា។ល។ ទង្វើមួយចំនួនទាំងនេះបានបង្ហាញថា មជ្ឈិមបូព៌ាកាន់តែមានសន្តិភាព សហរដ្ឋអាមេរិកក៏កាន់តែមានភាពស្លន់ស្លោផងដែរ ។
អ្នកទាំងអស់គ្នាមានហេតុផលជឿថា ជំហានតូចដែលអារ៉ាប៊ីសាអ៊ូឌីតនិងអ៊ីរ៉ង់ចាប់ដៃគ្នាផ្សះផ្សា ក៏ជាជំហានធំដែលមនុស្សជាតិយកឈ្នះ លើការប៉ះទង្គិចនិងសម្រេចបាននូវការផ្សះផ្សា ៕

វិទ្យុមិត្តភាពកម្ពុជាចិន