(ប៉េកាំង)៖ ថ្ងៃទី ១០ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះទៅត្រួតពិនិត្យការងារនៅខេត្តក្វាំងតុង។ លោកបានទៅដល់កោះគោមាសនៃក្រុង Zhanjiang ដើម្បីស្វែងយល់ពីសភាពការណ៍អភិរក្សព្រៃកោងកាងក្នុងតំបន់។

គួរបញ្ជាក់ថា ព្រៃកោងកាងត្រូវសម្គាល់ថាជា «ព្រៃឈើលើសមុទ្រ» និង«ឆ្មាំដែនសមុទ្រ»។ នៅក្រុង Zhanjiang ខេត្តក្វាំងតុងប្រទេសចិនមានរុក្ខជាតិព្រៃកោងកាងចំនួន ២៦ ប្រភេទ ដែលមានទំហំសរុបប្រហែល ២ម៉ឺនហិកតា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុង Zhanjiang បានខិតខំជំរុញការអភិរក្សអេកូឡូស៊ីនៃព្រៃកោងកាង ដើម្បីអភិវឌ្ឍរួមយ៉ាងស៊ីជម្រៅជាមួយ ឧស្សាហកម្មទេសចរណ៍ឆ្នេរសមុទ្រ កសិទេសចរណ៍ និងការនេសាទជាលក្ខណៈកម្សាន្ត ដើម្បីក្លាយជាក្បាលម៉ាស៊ីនបៃតង នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់នេះ។

ថ្ងៃដដែល លោក Xi Jinping បានទៅត្រួតពិនិត្យការងារនៅកំពង់ផែXuwen ដើម្បីស្វែងយល់ពីសភាពការណ៍ដែលកំពង់ផែនេះ ជំរុញឱ្យខេត្តក្វាំងតុងនិងខេត្តហៃណានអភិរឌ្ឍតាមទិសដៅដូចគ្នា។ គួរបញ្ជាក់ថា កំពង់ផែXuwen ជាកំពង់ផែដឹកជញ្ជូនផ្ទាល់តាមឡាន ទាំងអ្នកធ្វើដំណើរនិងទំនិញ ដែលទំហំកំពង់ផែគឺ ៥៦ ហិកតា សមត្ថភាពលើកដាក់ទំនិញនិងទទួល អ្នកដំណើរក្នុងមួយឆ្នាំនៃកំពង់ផែនេះគឺ រថយន្តចំនួនប្រហែល ៣២ សែន គ្រឿងនិងអ្នកដំណើរចំនួនប្រហែល១៧៣សែននាក់៕

វិទ្យុមិត្តភាពកម្ពុជាចិន