(ប៉េកាំង)៖ ព្រឹកថ្ងៃទី១០ ខែមេសា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសអ៊ីរ៉ង់បានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ លោក Nasser Kanaani អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់បានឆ្លើយតប សំណួរអំពីការដែលប្រទេសទាំងពីរអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ចាត់បញ្ជូនគណៈប្រតិភូឱ្យបំពេញទស្សនកិច្ចទៅវិញទៅមក ព្រមទាំងត្រៀមបើកស្ថានទូតឡើងវិញ និងវិបត្តិយ៉េមែនជាដើម ។

លោក Nasser Kanaani បានថ្លែងថា យោងតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរដែលបានប្រកាសនៅក្រុងប៉េកាំង ប្រទេសទាំងពីរបានរៀបចំឡើងវិញនូវទំនាក់ទំនងការទូតជាផ្លូវការ ហើយគណៈប្រតិភូនៃប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើដំណើរទៅដល់ក្រុង តេហេរ៉ង់ រដ្ឋធានីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី៨ ខែមេសា បច្ចុប្បន្ននេះ សមាជិកនៃគណៈប្រតិភូអារ៉ាប៊ីសាអូឌីត បាននិងកំពុងធ្វើការងារគ្រប់ផ្នែកនៅក្រុងតេហេរ៉ង់ និងក្រុង Mashhad ដោយឡែកពីគ្នា ដើម្បីត្រៀមបើកស្ថានទូតនិងស្ថានកុងស៊ុលជាថ្មីឡើងវិញ ។

លោក Nasser Kanaani បានថ្លែងទៀតថា “ក្រោមសមានចិត្ត ការប្តេជ្ញាចិត្តនិងបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ របស់រដ្ឋាភិបាលចិន បានជាប្រទេសទាំងពីអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត បានឈានដល់កិច្ចព្រមព្រៀងដ៏មានសារសំខាន់បែបនេះ ដូចការលើកឡើងរបស់យើងក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានប្រកាសនៅកាលពីមុនថា តួនាទីរបស់ចិនក្នុងបញ្ហានេះ គឺមានលក្ខណៈស្ថាបនា យើងខ្ញុំសូមសម្តែងការកោតសរសើរចំពោះរឿងនេះ ៕”

វិទ្យុមិត្តភាពកម្ពុជាចិន