(ស៉ីដនី)៖ ប្រធានកងកម្លាំងការពារជាតិអូស្ត្រាលី លោក អង់ហ្គូស ខេមប៊ែល (Angus Campbell) បាននិយាយនៅថ្ងៃអង្គារនេះថា ការបែកធ្លាយព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកគឺជាឧប្បត្តិហេតុ «ធ្ងន់ធ្ងរ» ហើយពេលនេះទីក្រុងវ៉ាស៉ីនតោន កំពុងសហការជាមួយដៃគូ ដើម្បីតាមដានលើផលវិបាកទាំងនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាមួយនៅឯវិទ្យាស្ថានឡូវី (Lowy) លោក ខេមប៊ែល បានកត់សម្គាល់ថា តំបន់អាស៉ី-ប៉ាស៉ីហ្វិកកំពុងជួបប្រទះ ការប្រកួតប្រជែងអំណាចយ៉ាងខ្លាំងក្លា ដែលនឹងអូសបន្លាយពេលមួយរយៈ ហើយអូស្ត្រាលីបានផ្តោតលើការទប់ស្កាត់ជម្លោះ និងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូនានា។

ឆ្លើយតបទៅនឹងសំណួរបន្ទាប់ពីថ្លែងសុន្ទរកថា លោក ខេមប៊ែល បានគូសបញ្ជាក់ថា «បញ្ហានៃការរក្សាសុវត្ថិភាពព័ត៌មាន គឺមានសារៈសំខាន់ចំពោះការអភិវឌ្ឍសមត្ថភាពជាតិ និងសម្រាប់ការជឿទុកចិត្ត ឬផ្តល់ទំនុកចិត្តដល់សម្ព័ន្ធមិត្ត ក៏ដូចជាដៃគូ»។ លោក ខេមប៊ែល បានបន្ថែមថា «និន្នាការ រួមទាំងទំនើបកម្មយោធាទ្រង់ទ្រាយធំ ការរំខានផ្នែកបច្ចេកវិទ្យា និងហានិភ័យផ្នែកអាកាសធាតុ បានធ្វើឲ្យការរំពឹងទុកនៃជម្លោះរវាងប្រទេស និងប្រទេស ខិតកាន់តែកៀកជាងមុន។ ហេតុនេះហើយ សមត្ថភាពយោធាក្នុងតំបន់ រាប់ទាំង វិសាលភាព និងភាពខ្លាំងក្លា គឺមានការប្រកួតប្រជែងគ្រប់ច្រក គឺទាំងលើដែនសមុទ្រ ដីគោក លំហអាកាស និងតាមអ៉ីនធឺណិត»។

គួរបញ្ជាក់ថា បើតាមមន្ត្រីអាមេរិក៣រូប ទីភ្នាក់ងារសន្តិសុខជាតិ កំពុងតាមដានរកគោលបំណងនៃចែករំលែកព័ត៌មានដ៏រសើបបំផុតនេះ និងដោះស្រាយបញ្ហាការទូតដែលកើតចេញពី ការបែកធ្លាយឯកសារសម្ងាត់ជាច្រើន៕