(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) នឹងពិភាក្សាអំពីការបង្កើនទំនាក់ទំនងខាងផ្នែកយោធាជាមួយហ្វីលីពីន នៅថ្ងៃអង្គារនេះ (ពេលវេលានៅទីក្រុងវ៉ាស៉ីនតោន) មុនពេលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងជប៉ុន ប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទុះភាពតានតឹងថ្មីជាមួយចិន ជុំវិញបញ្ហាតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

ហ្វីលីពីន វៀតណាម និងជប៉ុន សុទ្ធតែមានជម្លោះដែនទឹកជាយូរយារណាស់មកហើយជាមួយប្រទេសចិន ហើយកាន់តែតានតឹងកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វៀតណាម ជាកន្លែងដែល លោក ប្លីនខិន នឹងទៅដល់នៅក្នុងសប្តាហ៍នេះ ក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ផងដែរ។

សហរដ្ឋអាមេរិកកាលពីប៉ុន្មានខែមុននេះ បានឈានដល់កិច្ចព្រមព្រៀងជាមួយជប៉ុន ដែលជាសម្ព័ន្ធមិត្តនៅម្ខាងទៀតនៃកោះតៃវ៉ាន់ ដើម្បីដាក់ពង្រាយកងកម្លាំងអាមេរិក ឱ្យនៅរាយប៉ាយពាសពេញកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន ដែលជាវិធានការមួយផ្សេងទៀត ត្រូវបានគេមើលឃើញថា ជាការរៀបចំទុកជាមុន ដើម្បីឆ្លើយតបនឹងសកម្មភាពណាមួយ របស់ចិនលើតៃវ៉ាន់។ លោក ប្លីនខិន និងលោក ឡយហ៍ អូស្ទីន (Lloyd Austin) ដែលជារដ្ឋមន្ត្រីការពារជាតិអាមេរិក ត្រៀមជួបប្រជុំរួមគ្នា នៅទីក្រុងវ៉ាស៊ីនតោនជាមួយសមភាគីហ្វីលីពីន ក្នុងកិច្ចចរចារួមគ្នាលើកដំបូងរយៈពេល ៧ឆ្នាំ។

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុ ងការប្រមូលផ្តុំសម្ព័ន្ធមិត្តក្នុងតំបន់អាស៉ី បានកើតឡើង បន្ទាប់ពីប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៉េកាំង ហើយថែមទាំងនិយាយថាសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិក មិនគួរក្លាយជាចំណាប់ខ្មាំងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន លើការប្រឈមមុខដាក់គ្នាចំពោះបញ្ហាតៃវ៉ាន់នោះទេ៕