(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា មនុស្សប្រមាណជា៣០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដែលស្ថិត​ក្នុងទីក្រុងកាងណឹង (Gangneung) ជាប់បណ្តោយឆ្នេរភាគខាងកើត នៃប្រទេសកូរ៉េខាងត្បូង ស្របពេលដែលភ្លើងឆេះព្រៃមួយ បានកើន​ឡើងឥទ្ធិពលខ្លាំង ដោយសារតែកម្លាំងខ្យល់ បូករួមជាមួយភាពស្ងួតហែង នៃអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានជួបការលំបាក ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃខាងលើ ដែលបានចាប់ផ្តើមកាលពីខ្ទង់ម៉ោង ៨៖៣០នាទីព្រឹកថ្ងៃអង្គារនេះ ខណៈយន្តហោះពន្លត់អគ្គិភ័យ មិនអាចធ្វើប្រតិបត្តិការបាន ដោយសារតែមានខ្យល់បោកបក់ខ្លាំងពេក។ អភិបាលខេត្តកាងវ៉ុន (Gangwon) លោក គីម ជីនតែ (Kim Jin Tae) បានឱ្យដឹងថា ភ្លើងឆេះព្រៃនោះ បានដុតបំផ្លាញផ្ទៃដីលើស១៧០ហិកតា និងបានបង្ខំឱ្យមនុស្សខ្ទង់ ៣០០នាក់ នៅក្នុងទីក្រុងកាងណឹង ត្រូវជម្លៀសខ្លួនគិតត្រឹមម៉ោង១រសៀល។ ទីក្រុងនេះមានមនុស្សរស់នៅ សរុបជាង ២០០,០០០នាក់។

គួរបញ្ជាក់ថា យ៉ាងណាមិញ ពុំទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួស ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះ នៅឡើយទេ។ បើតាមលោកអភិបាលខេត្តកាងវ៉ុន អគ្គិភ័យទំនងជាត្រូវបានបង្កឡើង ក្រោយខ្យល់បក់ខ្លាំងបានធ្វើឱ្យដើមឈើមួយដើម រលំទៅលើខ្សែអគ្គិសនី ដែលនៅក្បែរនោះ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានចេញបញ្ជាឱ្យអាជ្ញាធរប្រើប្រាស់​គ្រប់ធនធានដែលមាន ដើម្បីពន្លត់ភ្លើងឆេះព្រៃនេះឱ្យបានឆាប់តាមអាចទៅរួច ហើយជម្លៀសខ្លួនប្រជាជនដែលនៅក្បែរខាងឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយហានិភ័យនៃជនរងគ្រោះ៕