(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកនឹងអញ្ជើញសមភាគីចិនលោក ស៉ី ជិនពីង មកកាន់ប្រទេសប្រេស៉ីល មុនពេលដែលត្រូវធ្វើដំណើរមកកាន់ប្រទេសក្នុងតំបន់អាស៊ីមួយនេះដើម្បីរឹតបន្តឹងទំនាក់ទំនងរវាងប្រេស៉ីល-ចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

ដំបូងឡើយ ដំណើរទស្សនកិច្ចរបស់ លោក លូឡា ទៅកាន់ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រេស៉ីល បានកំណត់នៅក្នុងខែមីនា ប៉ុន្តែត្រូវពន្យារពេលដោយសារបញ្ហាសុខភាព។ ប្រសិនបើមិនមានការប្រែប្រួលនោះទេ នាថ្ងៃសុក្រសប្តាហ៍ក្រោយ មេដឹកនាំប្រេស៉ីលរូបនេះនឹងបានជួបលោក ស៉ី ជិនពីង ក៏ដូចជានាយករដ្ឋមន្ត្រី លោក លី ឈាំង (Li Qiang) នៅក្នុងប្រទេសចិន។

ថ្លែងក្នុងបទសម្ភាសន៍មួយទៅកាន់ក្រុមហ៊ុនប្រព័ន្ធផ្សាយរដ្ឋ EBC លោក លូឡា បានគូសបញ្ជាក់ថា «ខ្ញុំនឹងអញ្ជើញលោក ស៉ី ជិនពីង មកប្រេស៉ីល ដើម្បីជួបពិភាក្សាទ្វេភាគី ដើម្បីឲ្យមកស្គាល់ប្រេស៉ីល និងបង្ហាញគាត់នូវគម្រោងដែលយើងចាប់អារម្មណ៍ សម្រាប់ការវិនិយោគរបស់ចិន»។ លោក លូឡា បានបន្ថែមថា «ខ្ញុំកំពុងរៀបចំផែនការ ដើម្បីបង្រួបបង្រួមទំនាក់ទំនងជាមួយប្រទេសចិន។ អ្វីដែលយើងចង់បាន គឺជនជាតិចិនមកធ្វើការវិនិយោគដើម្បីបង្កើតការងារ និងផលិតភាពថ្មីនៅក្នុងប្រទេសប្រេស៉ីល»។

គួរបញ្ជាក់ថា ផែនការនៃដំណើរទស្សនកិច្ចប្រទេសចិនធ្វើឡើងក្នុងរយៈពេលជាង ២ខែ បន្ទាប់ពីលោក លូឡា បានជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសេតវិមាន។ ទីក្រុងប្រាស៉ីលីយ៉ា (Brasilia) មានបំណងពង្រឹងគោលនយោបាយការបរទេសប្រកបដោយប្រសិទ្ធភាព និងធ្វើឲ្យមានតុល្យភាពទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួន ទោះបីជាភាពតានតឹងរវាងមហាអំណាចទាំងពីរកាន់តែកើនឡើងក៏ដោយ៕