(ហ្សេរ៊ុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកនឹងរក្សាតួនាទីរបស់ លោក យ៉ូវ កាឡិន (Yoav Gallant) ជារដ្ឋមន្ត្រីការពារជាតិដដែល ដោយសារវិបត្តិសន្តិសុខកាន់តែកើនឡើង ខណៈការសម្រេចចិត្តបណ្តេញរដ្ឋមន្ត្រីរូបនេះបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ្នកទាំងពីរបានដោះស្រាយភាពខ្វែងគំនិតគ្នា ជុំវិញការអំពាវនាវជាសាធារណៈរបស់លោក កាឡិន កាលពីខែមីនាឲ្យបញ្ឈប់ផែនការរុះរើប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ដែលលោក កាឡិន និយាយថាវានឹងក្លាយទៅជាការគំរាមកំហែងដល់សន្តិសុខរបស់អ៉ីស្រាអែល។ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចចិត្តទុកភាពខ្វែងគំនិតគ្នារបស់យើងនៅមួយឡែក។ យើងទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ»

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ បានផ្អាកការជំរុញឲ្យធ្វើវិសោធនកម្មច្បាប់ដែលនាំទៅដល់ការរុះរើប្រព័ន្ធគ្រប់គ្រងតុលាការ ដើម្បីអនុញ្ញាតឲ្យមានកិច្ចពិភាក្សាជាមួយគណបក្សប្រឆាំង ក្រោយពីមានការតវ៉ាទូទាំងប្រទេសអស់រយៈពេលជាច្រើនសប្តាហ៍។

បើតាមការស្ទង់មតិមួយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ១៣ របស់អ៉ីស្រាអែល គណបក្ស Likud របស់លោក ណេតាន់យ៉ាហ៊ូ អាចបាត់បង់សំលេងគាំទ្រច្រើនជាងមួយភាគបីនៃអាសនៈរបស់ខ្លួន ប្រសិនបើការបោះឆ្នោតមួយត្រូវបានធ្វើឡើងនៅពេលនេះ ហើយនឹងឈានទៅទទួលបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើន ពីក្រុមចម្រុះស្តាំនិយមរបស់លោក៕