(ម៉ានីល)៖ ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ថ្ងៃអង្គារនេះ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ខណៈដែលសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរនេះស្វែងរកការប្រឆាំង នឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

កងទ័ពប្រមាណជិត ១៨,០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំមានឈ្មោះជាភាសាហ្វីលីពីនថា បាលីកាតាន់ (Balikatan) ឬ «ស្មាប្រកៀកស្មា» ដែលជាលើកដំបូងហើយនឹងរួមបញ្ចូលដោយសមយុទ្ធបាញ់គ្រាប់ពិត នៅតំបន់សមុទ្រចិនខាងត្បូង។ សមយុទ្ធ Balikatan នឹងមាននូវការចុះចតឧទ្ធម្ភាគចក្រយោធានៅលើកោះហ្វីលីពីនមួយ ដែលស្ថិតនៅឯភាគខាងជើងនៃកោះលូសុន (Luzon) ចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។

មេបញ្ជាការកងយន្តហោះចម្បាំងនៃកងម៉ារីនអាមេរិកទីមួយ លោកឧត្តមសេនីយ៍ទោ អេរ៉ិក អូស្ទីន (Eric Austin) បានថ្លែងក្នុងពិធីបើកនាទីក្រុងម៉ានីល យ៉ាងដូច្នេះថា «តាមរយៈសមយុទ្ធនេះ កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក នឹងពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការ បង្កើនជំនាញ និងបំពេញបន្ថែមសមត្ថភាពរបស់យើងតាមរយៈការសហការគ្នា ដោយធានាថាយើងត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងពិភពពិតជាមួយគ្នា»

គួរបញ្ជាក់ថា សមយុទ្ធខាងលើនេះ ធ្វើឡើងបន្ទាប់ពីការបិទបញ្ចប់ប្រតិបត្តិការយោធាចិនរយៈពេលបីថ្ងៃ កាលពីថ្ងៃចន្ទសប្តាហ៍នេះជុំវិញកោះតៃវ៉ាន់ ឆ្លើយតបទៅនឹងការជួបគ្នារវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវីន ម៉ាខេធី លើទឹកដីសហរដ្ឋអាមេរិក៕