(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានបើកកិច្ចសន្ទនាជាមួយជាមន្ត្រីការទូតកំពូលចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈប្រទេសទាំង២ កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។​

កិច្ចពិភាក្សាតាមទូរស័ព្ទដែលមិនបានប្រកាសឱ្យដឹងរបស់លោក ស៊ូលីវ៉ាន់ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ត្រូវបំពេញទស្សនកិច្ចទៅបរទេសនៅថ្ងៃពុធ សប្ដាហ៍នេះ។ បើតាមការគ្រោងទុក លោកស្រី សៃ មានផែនការឈប់សំចតនៅសហរដ្ឋអាមេរិក មុននឹងបន្តដំណើរទៅកាន់តំបន់អាមេរិកកណ្ដាល ក្នុងដំណើរទស្សនកិច្ចដែលត្រូវបានគេរំពឹងថានឹងបង្ក ឱ្យចិនខឹងសម្បារ។

សារព័ត៌មាន Bloomberg ដោយផ្អែកលើប្រភពដឹងពីកិច្ចសន្ទនាខាងលើដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌ​មិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងទៀតថាដោយសារតែភាពតានតឹងនៃទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងចិន នៅតែបន្តកើតមាន ភាគីទាំង២បានសម្រេចចិត្តមិនទម្លាយឱ្យដឹងពីកិច្ចសន្ទនារវាងលោក ស៊ូលីវ៉ាន់ និងលោក វ៉ាង យី នោះទេ។ ចំណែកឯ ខាងសេតវិមាន និងស្ថានទូតចិន ប្រចាំសហរដ្ឋអាមេរិក ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ នៅពេលត្រូវបានសាកសួរពីកិច្ចសន្ទនានេះ។

គួរបញ្ជាក់ថា លោកស្រី សៃ អ៉ីងវិន មានគម្រោងឈប់សំចតនៅក្នុងទីក្រុងញូវយ៉ក ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនានេះ ហើយគ្រោងនឹងធ្វើការឈប់សំចតក្នុងទីក្រុងឡូស អាន់ជែលឡែស ផងដែរ ជាទីដែលលោកស្រីអាចនឹងជួបជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy)