(ណៃពិដោរ)៖ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រកាសថាគណបក្សរបស់លោកស្រី អោងសាន ស៊ូជី នឹងត្រូវបានរំលាយចោល ដោយសារតែបរាជ័យក្នុងការ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីប្រកាសមួយកាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ ទូរទស្សន៍ Myawaddy TV បានបញ្ជាក់ថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ស្ថិតនៅក្នុងចំណោម គណបក្សនយោបាយចំនួន៤០ ដែលមិនបានបំពេញតាមក្រិតក្រមនៃកាលបរិច្ឆេទចុះបញ្ជីសម្រាប់ការបោះឆ្នោតសកល។

កាលពីខែមករាកន្លងទៅនេះ របបដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសទុកពេល២ខែ សម្រាប់គណបក្សនយោបាយទំាងអស់ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី ដែលអ្នករិះគន់អះអាងថាមានការរឹតត្បិតខ្លាំង នៅមុនការបោះឆ្នោតសកលដែលមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ចូលមកដល់។

គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ធ្លាប់បានប្រកាសថាខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតសកលដែលប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង សន្យាថានឹងរៀបចំឡើងនោះទេ ដោយអះអាងថាគឺជាការបោះឆ្នោតខុសច្បាប់៕