(ប៉េកាំង)៖ ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំប្រទេសកូរ៉េខាងជើងបានចូលកាន់តំណែង ដែលជាសញ្ញាមួយបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងបើកដំណើរការឡើងវិញ ចំពេលមានរបាយការណ៍ថា ប្រទេសនេះកំពុងរងទុក្ខយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ១៩ និងកង្វះស្បៀងអាហារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

​អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា លោក Wang Yajun នឹងជួយអភិវឌ្ឍមិត្តភាពប្រពៃណីនៃ «អ្នកជិតខាងជិតស្និទ្ធដែលតភ្ជាប់ដោយភ្នំ និងទន្លេ»។

ប្រទេសចិនគឺជាប្រភពជំនួយសេដ្ឋកិច្ច និងជំនួយផ្នែកនយោបាយដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែអន្តរកម្មត្រូវបានរំខានដោយការរឹតបន្តឹងការធ្វើដំណើរ ដែលត្រូវបានដាក់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩។

ការប្រកាសដំណឹងពីការមកដល់របស់ឯកអគ្គរដ្ឋទូតនេះ ធ្វើឡើងស្របពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំគីម ជុងអ៊ុន បានជំរុញឱ្យអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់គាត់ បង្កើនការផលិតសម្ភារៈកម្រិតអាវុធឱ្យបានច្រើនបន្ថែមទៀត។

មួយរយៈចុងក្រោយនេះកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ និងបានគំរាមកំហែងកាន់តែខ្លាំងឡើង ក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងសត្រូវ ដើម្បីបង្ហាញពីការខឹងសម្បារនឹងសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕