(តេហ្គូស៉ីហ្កាល់ប៉ា)៖ មន្រ្តីជាន់ខ្ពស់ហុងឌូរ៉ាសម្នាក់បាននិយាយ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា តៃវ៉ាន់ត្រូវតែរើឥវ៉ាន់ចាកចេញពីស្ថានទូតខ្លួន នៅហុងឌូរ៉ាស ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីប្រទេសអាមេរិកកណ្តាលមួយនេះ បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ ដើម្បីឈោងទៅចាប់ចិនវិញ ដែលជាមហាយក្សនៅអាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

អនុរដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស លោក អាន់តូនីញ៉ូ ហ្កាសៀ (Antonio Garcia) ​បានចេញសេចក្តីបង្គាប់ដូចខាងលើ ក្រោយការប្រកាសកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយរដ្ឋាភិបាលហុងឌូរ៉ាស ស្តីពីការបើកទំព័រទំនាក់ទំនងការទូតផ្លូវការ ជាមួយទីក្រុងប៉េកាំង ហើយទន្ទឹមគ្នាបិទបញ្ចប់ទំនាក់ទំនងរាប់ទសវត្សរ៍របស់ខ្លួន ជាមួយទីក្រុងតៃប៉ិ។ ការផ្តាច់ទំនាក់ទំនងនេះ បានបន្សល់ទុកឱ្យតៃវ៉ាន់ នូវសម្ព័ន្ធមិត្តការទូតតែ១៣ប្រទេសប៉ុណ្ណោះ ដែលភាគច្រើនជារដ្ឋតូចៗនៅតំបន់អាមេរិកកណ្តាល សមុទ្រការីបង់ និងប៉ាស៉ីហ្វិក។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន និងគ្មានសិទ្ធិបង្កើតទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនោះឡើយ ខណៈវាគឺជាគោលជំហរ ដែលទីក្រុងតៃប៉ិច្រានចោលយ៉ាងមុតមាំ។ រដ្ឋាភិបាលទីក្រុងប៉េកាំង ទាមទារឱ្យប្រទេសទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយខ្លួន ត្រូវតែទទួលស្គាល់គោលជំហរនេះ៕