(មូស្គូ)៖ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនាកន្លងទៅនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅក្នុងប្រទេសបេឡារុស។ លោកប្រធានាធិបតីរុស្ស៉ី បានប្រៀបប្រដូចផែនការរបស់លោក ទៅនឹងការដែលសហរដ្ឋអាមេរិក បានដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុបយ៉ាងដូច្នោះ ហើយលោក ពូទីន បានគូសបញ្ជាក់ថា ទីក្រុងមូស្គូនឹងមិនផ្ទេរការគ្រប់គ្រង់អាវុធទាំងនោះ ឱ្យទៅបេឡារុសតែម្តងឡើយ។ ប៉ុន្តែនេះគឺជាលើកដំបូងបំផុត គិតចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០មក ដែលរុស្ស៉ី ចង់ដាក់ពង្រាយ​អាវុធនុយក្លេអ៊ែរ នៅក្រៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO បានថ្កោលទោសការសម្រេចចិត្តរបស់លោក ពូទីន ដោយចាត់ទុកថាវាជា ទង្វើគ្មានទំនួលខុសត្រូវ និងប្រកបដោយគ្រោះថ្នាក់។

ក្រុមអ្នកជំនាញ មើលឃើញថាផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅបេឡារុសរបស់លោក ពូទីន គឺជាសារព្រមានធ្ងន់មួយចំពោះអង្គការណាតូ (NATO) ជុំវិញការគាំទ្រ ផ្នែកយោធាដល់អ៊ុយក្រែនប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់ខ្លួន។ ប៉ុន្តែ អ្វីទៅជាអាវុធនុយក្លេអ៊ែរតាក់ទិក? តើឃ្លាំងអាវុធនុយក្លេអ៊ែរុស្ស៉ីធំប៉ុនណា ហើយថាតើនរណាជាអ្នកគ្រប់គ្រង?

* អ្វីទៅជាអាវុធនុយក្លេអ៊ែរតាក់ទិក?
អាវុធនុយក្លេអ៊ែរតាក់ទិច គឺសំដៅលើប្រភេទអាវុធនុយក្លេអ៊ែរ ដែលប្រើប្រាស់ជាពិសេសសម្រាប់ យកប្រៀបនៅលើសមរភូមិ មិនមែនជានុយក្លេអ៊ែរ ដែលមានសមត្ថភាពរំលាយ ទីក្រុងមួយទាំងមូល ឱ្យបាត់ចេញពីផ្ទៃផែនដីនោះឡើយ។ អាវុធនុយក្លេអ៊ែរតាក់ទិកនេះអាចបំពាក់លើមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី គ្រាប់កាំភ្លើងធំ ឬយន្ដហោះទម្លាក់គ្រាប់បែកជាដើម។

ជាទូទៅ អាវុធនុយក្លេអ៊ែរតាក់ទិក ត្រូវបានគេចាត់ទុកថាជាអាវុធខ្នាតតូច ដោយសារតែគេប្រៀបធៀបវាទៅនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដោយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រត្រូវបានគេ ប្រើបំពាក់លើមីស៊ីលអន្តរទ្វីប។ អាវុធនុយក្លេអ៊ែរតាក់ទិកមានកម្លាំងផ្ទុះពី១គីឡូតោន រហូតដល់១០០គីឡូតោន ដែលកម្លាំងផ្ទុះនេះអាចបង្កមហន្តរាយដ៏មហិមារ ប្រសិនបើ លោក ពូទីន សម្រេចចិត្តប្រើអាវុធប្រភេទនេះនៅលើសមរភូមិអ៊ុយក្រែនមែននោះ។ គេនៅចាំបានថា អាវុធនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុងហ៉ីរ៉ូស៊ីម៉ា និងណាហ្កាសាគី កាលពីឆ្នាំ១៩៤៥ មានកម្លាំងផ្ទុះត្រឹមតែចន្លោះពី១២ ដល់២១គីឡូតោនតែប៉ុណ្ណោះ។ រុស្ស៉ីត្រូវបានគេរាយការណ៍ថាមានអាវុធនុយក្លេអ៊ែរតាក់ទិក ២,០០០គ្រាប់ ពោលគឺច្រើនជាង សហរដ្ឋអាមេរិក ១០ដង។

* តើឃ្លាំងអាវុធនុយក្លេអ៊ែររុស្ស៉ី ធំប៉ុនណា?
រុស្ស៉ី ដែលជាអ្នកជំនាន់ក្រោយរបស់អតីតសហភាពសូវៀត គឺជាមហាអំណាចមានក្បាលគ្រាប់នុយក្លេអ៊ែរធំជាងគេបំផុតនៅលើពិភពលោក តាមពីក្រោយដោយសហរដ្ឋអាមេរិក។ បើតាម ក្រុមអ្នកវិទ្យាសាស្ត្រសហព័ន្ធអាមេរិក (Federation of American Scientists) គិតត្រឹមឆ្នាំ២០២២ រុស្ស៉ីមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥,៩៧៧គ្រាប់ ធៀបទៅនឹងសហរដ្ឋអាមេរិកមាន ៥,៤២៨គ្រាប់។ សម្រាប់រុស្ស៉ី នៅក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរទាំង ៥,៩៧៧គ្រាប់ ក្នុងនោះមាន១,៥០០គ្រាប់ត្រូវដាក់ឱ្យចូលនិវត្តន៍ ២,៨៨៩គ្រាប់នៅក្នុឃ្លាំងស្ដុកបម្រុង និង១,៥៨៨គ្រាប់ ត្រូវបានបំពាក់លើអាវុធយុទ្ធសាស្ត្រ។

អង្គការ Bulletin of the Atomic Scientists ក៏បានឱ្យដឹងដែរថានៅក្នុងចំណោម ក្បាលគ្រាប់នុយក្លេអ៊ែរ ១,៥៨៨គ្រាប់ ដែលត្រូវបានបំពាក់លើអាវុធយុទ្ធសាស្ត្រនេះទៀតសោត ក្នុងនោះ មាន៨១២គ្រាប់ត្រូវបានបំពាក់លើមីស៊ីលបាលិស្ទីគ ៥៧៦គ្រាប់បំពាក់លើមីស៊ីលបាលិសី្ទគបាញ់ចេញពីនាវាមុជទឹក និងជាង ២០០គ្រាប់បំពាក់លើយន្ដហោះទម្លាក់គ្រាប់បែកធុនធ្ងន់។ ចំណែកឯ សហរដ្ឋអាមេរិក មានក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានដាក់ពង្រាយលើអាវុធយុទ្ធសាស្ត្រចំនួន ១,៦៤៤គ្រាប់ ខណៈចិនមានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ៣៥០គ្រាប់ បារាំង ២៩០គ្រាប់ និងចក្រភពអង់គ្លេសមាន២២៥គ្រាប់។ នេះបើតា​មក្រុមអ្នកវិទ្យាសាស្ត្រសហព័ន្ធអាមេរិក។ អាស្រ័យលើចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនមាន សហរដ្ឋអាមេរិក និងរុស្ស៉ី អាចបំផ្លាញពិភពលោកទាំងមូល រួមទាំងខ្លួនឯងផងដែរ។

នៅក្នុងអំឡុងសម័យសង្រ្គាមត្រជាក់ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អតីតសហភាពសូវៀត មានរហូតដល់ទៅ ៤០,០០០គ្រាប់ រីឯសហរដ្ឋអាមេរិក មាន៣០,០០០គ្រាប់។ ចំនួនក្បាលគ្រាប់ នុយក្លេអ៊ែរនេះត្រូវបានកាត់បន្ថយនៅក្រោមសន្ធិសញ្ញានុយក្លេអ៊ែរ។ តែបច្ចុប្បន្ន រុស្ស៉ីបានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក ជាសន្ធិសញ្ញា នុយក្លេអ៊ែរចុងក្រោយគេបំផុតរវាងរវាងមហាអំណាចទាំង២ បង្កឱ្យមានការព្រួយបារម្ភពីការរីកសាយអាវុធនុយក្លេអ៊ែរ។ មីស៊ីល នាវាមុជទឹក និងយន្ដហោះទម្លាក់គ្រាប់បែកសុទ្ធសឹងតែជា អាវុធយុទ្ធសាស្ត្រសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

អង្គការ Bulletin of the Atomic Scientists បានវាយតម្លៃថារុស្ស៉ីមានមីស៊ីលបាលិស្ទីគអន្តរទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ៤០០គ្រាប់ ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ ១,១៨៥គ្រាប់។ ក្រៅពីនេះ រុស្ស៉ីមាននាវាមុជទឹកប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ១០គ្រឿងដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ៨០០គ្រាប់ ព្រមទាំងមានយន្ដហោះទម្លាក់គ្រាប់ នុយក្លេអ៊ែរពី៦០ ដល់៧០គ្រឿង។

* សម្ងំផលិតអាវុធនុយក្លេអ៊ែរថ្មីៗ
សហរដ្ឋអាមេរិក នៅក្នុងរបាយការណ៍ Nuclear Posture Review កាលពីឆ្នាំ២០២២ បាននិយាយថារុស្ស៉ី និងចិន បាន និងកំពុងពង្រីក ក៏ដូចជាធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែររបស់ ខ្លួន។ ប៉ុន្តែ លោក ពូទីនវិញបានអះអាងថារុស្ស៉ីមានព័ត៌មានដែលអាចបញ្ជាក់បានថាសហរដ្ឋអាមេរិកកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរស៊េរីថ្មីជាច្រើនប្រភេទ។ ចាប់តាំងពីសហភាពសូវៀត ដួលរលំកាលពីឆ្នាំ១៩៩១មក មានប្រទេសតួចតិចបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ សូវៀត បានធ្វើតេស្ដអាវុធនុយក្លេអ៊ែរចុងក្រោយបំផុតក្នុងឆ្នាំ១៩៩០ អាមេរិក ក្នុងឆ្នាំ១៩៩២ ចិន និងបារាំង ក្នុងឆ្នាំ១៩៩៦ រីឯឥណ្ឌា និងប៉ាគីស្ថាន ក្នុងឆ្នាំ១៩៩៨ រីឯកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកចុងក្រោយកាលពីឆ្នាំ២០១៧។

* តើនរណាជាអ្នកគ្រប់គ្រង និងបញ្ជាឱ្យប្រើអាវុធនុយក្លេអ៊ែរ?
បើតាមគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៉ី ប្រធានាធិបតីរុស្ស៉ីគឺជាអ្នកធ្វើការសម្រេចចិត្ត និងដាក់បញ្ជាឱ្យបាញ់អាវុធនុយក្លេអ៊ែរ ទាំងយុទ្ធសាស្ត្រ និងមិនមែនយុទ្ធសាស្ត្រ។ ប្រធានាធិបតី រុស្ស៉ី គឺលោក ពូទីន មានកាបូបនុយក្លេអ៊ែរមួយដែលនៅជាមួយរូបលោកគ្រប់ពេល និងដែលរុស្ស៉ីហៅថា ឆេហ្គេត (Cheget)។ Cheget ជាឈ្មោះភ្នំមួយនៅក្នុងតំបន់កូកាស Caucasus។

ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីបច្ចុប្បន្ន គឺលោក Sergey Shoigu និងអគ្គសេនាធិការកងទ័ពរុស្ស៉ី លោក Valery Gerasimov ត្រូវបានជឿជាក់ថាក៏មានកាបូបនុយក្លេអ៊ែរ ផងដែរ។

«កាបូបនុយកេ្លអ៊ែរ» គឺជាឧបករណ៍ទំនាក់ទំនងដែលតភ្ជាប់រវាងប្រធានាធិបតីរុស្ស៉ី ជាមួយមេដឹកនាំយោធាកំពូលៗរបស់លោក និងកងកម្លាំងបាញ់នុយក្លេអ៊ែរតាមរយៈបណ្ដាញគ្រប់គ្រង និងបញ្ជាការសម្ងាត់កម្រិតខ្ពស់ មានឈ្មោះថា កាស្បេក (Kazbek) ដែលគាំទ្រដល់ប្រព័ន្ធមួយផ្សេងទៀតមានឈ្មោះថា កាវកាស (Kavkaz)។ ចំណែកឯ ប៊ូតង់នុយក្លេអ៊ែរវិញមាន២ គឺប៊ូតុងពណ៌ស សម្រាប់បាញ់ និងប៊ូតង់ពណ៌ក្រហមសម្រាប់លុបចោលការបាញ់ ខណៈកាបូបនុយក្លេអ៊ែរដំណើរការណ៍ដោយកាតពិសេសមួយដែលគេហៅថា Nuclear Flash Cards។

ដូច្នេះ ប្រសិនបើរុស្ស៉ីគិតថាខ្លួនឯងប្រឈមមុខនឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬក៏សម្រេចចិត្តត្រូវប្រើអាវុធនុយក្លេអ៊ែរដោយប្រការណាមួយ នោះប្រធានាធិបតីតាមរយៈ កាបូបនុយក្លេអ៊ែរ នឹងបញ្ជូនបទបញ្ជាបាញ់ទៅកាន់ទីបញ្ជាការនៃអគ្គសេនាធិការកងទ័ពរុស្ស៉ី និងទីបញ្ជាការបម្រុងដែលកាន់លេខកូដនុយក្លេអ៊ែរ។ បទបញ្ជានេះនឹងធ្លាក់ទៅកាន់ ប្រព័ន្ធទំនាក់ទំនងផ្សេងៗគ្នាភ្លាមៗ រហូតដល់កងកម្លាំងអង្គភាពរ៉ុក្កែតយុទ្ធសាស្ត្រដែលជាអ្នកបាញ់នុយក្លេអ៊ែរដាក់គោលដៅស្ថិតនៅក្រោមការកំណត់៕