(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា នៅពេលនេះ គឺមិនឃើញមានសញ្ញាខុសប្រក្រតីអ្វីនោះឡើយ​ នៃការចល័តផ្នែកយោធារបស់កងទ័ពចិន នៅមុនដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក និងតំបន់អាមេរិកកណ្តាល នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧​ ខែមីនា ឆ្នាំ២០២៣។

លោកស្រី សៃ អ៉ីងវិន នឹងឆ្ពោះទៅកាន់ទីក្រុងញូយ៉ក នៅថ្ងៃពុធសប្តាហ៍នេះ ដែលជាគោលដៅឈប់សំចតទីមួយរបស់លោកស្រី មុនបន្ត​ដំណើរទៅបំពេញទស្សនកិច្ច នៅប្រទេសក្វាតេម៉ាឡានិងបេលី នៃតំបន់អាមេរិកកណ្តាល។ នៅតាមផ្លូវត្រឡប់មកតៃវ៉ាន់វិញ លោកស្រី សៃ ក៏នឹងឆ្លៀតឈប់សម្រាក នៅទីក្រុងឡូសអាន់ជេឡេសផងដែរ ហើយលោកស្រីត្រូវគេរំពឹងថា អាចនឹងជួបជាមួយប្រធានសភាតំណាងរាស្រ្ត​របស់សហរដ្ឋអាមេរិក គឺលោក ខេវិន ម៉ាកខាធី (Kevin McCarthy)។

ឆ្លើយតបទៅនឹងសំណួរនៅក្នុងសភាតៃវ៉ាន់នាថ្ងៃចន្ទនេះ អនុរដ្ឋមន្រ្តីការពារជាតិ លោក ផូ ហ័ងហ៊ុយ (Po Horng Huei) បាននិយាយថា ចិនបានធ្វើប្រតិបត្តិការនាវាយោធា៣-៤គ្រឿង នៅក្បែរតៃវ៉ាន់រៀងរាល់ថ្ងៃ ដែលសកម្មភាពនេះបានក្លាយជា ភាពប្រក្រតីថ្មីមួយទៅហើយ។ លោក ផូ បានលើកឡើងថា ប្រសិនបើមានការប្រែប្រួលណាមួយ នៅក្នុងសកម្មភាពចល័តរបស់យោធាចិន នោះតៃវ៉ាន់ចាំបាច់ត្រូវតែត្រៀមលក្ខណៈ សម្រាប់សេណារីយ៉ូដែលអាក្រក់បំផុត។ យ៉ាងណាមិញ លោកបានបន្ថែមថា មកទល់ពេលនេះ ហាក់មិនទាន់ឃើញមានសញ្ញា នៃការចល័ត​យោធាពិសេសណាមួយឡើយ ដោយប្រទេសចិន។

គួរបញ្ជាក់ថា ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន នៅជុំវិញតៃវ៉ាន់​កាលពីខែសីហា ឆ្នាំ២០២២ ក្រោយការបំពេញទស្សនកិច្ចដ៏ចម្រូងចម្រាស របស់លោកស្រី ណានស៉ី ផេឡូស៉ី ដែលកាលណោះនៅជា ប្រធានសភាតំណាងរាស្រ្តរបស់អាមេរិក។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងក៏បានបង្កើនសកម្មភាពយោធាកាន់តែខ្លាំង នៅក្បែរដែនកោះនេះ៕